(បរទេស)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Honor បានរិះគន់ទៅលើស្មាតហ្វូនដែលមានតម្លៃថ្លៃរបស់អាមេរិក ថាមនុស្សភាគច្រើនដែលទិញផលិតផល iPhone របស់ Apple មិនមែនមកពីគុណភាពខ្លាំងលើសគេទេ គឺដោយសារតែការផ្តល់ឱ្យនូវប្រព័ន្ធប្រតិបត្តិការ iOS និង Ecosytem តែប៉ុណ្ណោះ។ លើសពីនេះទៅទៀត Honor មានគម្រោងនាំយកប្រព័ន្ធប្រតិបត្តិការ MagicOS របស់ខ្លួនមកបំបែកចំណុយខ្សោយរបស់ Apple ទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។

ក្នុងអំឡុងព្រឹត្តិការណ៍ Honor នៅមជ្ឈមណ្ឌល R&D របស់ខ្លួននៅក្នុងទីក្រុង Shenzhen នាយកប្រតិបត្តិក្រុមហ៊ុន Honor លោក Zhao Ming បាននិយាយថាខ្លួនមានមហិច្ឆតាធ្វើការទៅលើដំណើរការដូចទៅនឹង iOS របស់ Apple។ Ming បានលើកឡើងថា iPhone របស់ Apple នៅមានចំណុចខ្សោយនិងពិបាកទទួលយកណាស់ ជាពិសេសគឺ ផ្នែក Hardware ការឌីហ្សាញបែបហួសសម័យ និងថាមពលថ្មខ្សោយ បើប្រៀបធៀបទៅនឹងស្មាតហ្វូន Android ជាច្រើនម៉ូដែល Magici5 របស់ខ្លួនផងដែរ។ ប៉ុន្តែមនុស្សនៅតែនាំគ្នាទៅទិញ iPhone ទាំងនោះភាគច្រើនគឺដោយសារតែ iOS និង Ecosystem ប៉ុណ្ណោះ។

យោងតាមខ្លឹមសារចេញផ្សាយ Honor មិនមែនមានត្រឹមតែគម្រោងប្រកួតប្រជែងតែជាមួយនឹង Apple ប៉ុណ្ណោះនោះទេ ថែមទាំងមានបំណងចង់យក MagicOS ទៅប្រកួតប្រជែងជាមួយនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ Huawei ដែលជាដៃគូសម្ព័ន្ធសមិត្តពីមុនរបស់ខ្លួនទៀតផង៕