(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជា នៅថ្ងៃទី២ ខែឧសភានេះ បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន និងជួបសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការិនីវាយសីកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនឈានដល់ការប្រកួតផ្លូវការរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នាពេលឆាប់ៗខាងមុខ ។

លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធ បានបញ្ជាក់ថា កីឡាវាយសី នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៨-១៦ ខែឧសភាខាងមុខ ។ ដូច្នេះកីឡាករ-កីឡាការិនីទាំងអស់ ត្រូវត្រៀមខ្លួនឲ្យបានល្អ ជាមួយការប្ដេជ្ញាចិត្តខ្ពស់ ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះ ស្របពេលគណៈកម្មាធិការជាតិ CAMSOC បានកំណត់គោលដៅដណ្ដើមយកមេដាយមាស ៣គ្រឿងលើប្រភេទកីឡានេះ ។

បន្ថែមលើនេះ ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលះបង់របស់ក្រុមកីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងហ្វឹកហាត់ ទាំងក្នុងស្រុក និងក្រៅស្រុកនាពេលកន្លងមក ។ តាមរយៈនេះ លោកលោកសង្ឃឹមថា កីឡាករ-កីឡាការិនីទាំងអស់ នឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមមេដាយ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅប្រទេសកម្ពុជានេះ ។

គួរបញ្ជាក់ថា កីឡាវាយសីកម្ពុជា បានត្រៀមកីឡាករ-កីឡាការិនីចំនួន ១៥រូប(កីឡាករ ១១រូប និងកីឡាការិនី ៤រូប) សម្រាប់ត្រៀមប្រជែងមេដាយជាមួយអត្តពលិកមកពីបណ្ដាប្រទេសក្នុងតំបន់ ក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងប្រារព្ធពិធីបើកការប្រកួតនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ៕