(ភ្នំពេញ)៖ ការប្រកួតអុកចត្រង្គ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បានបញ្ចប់ការប្រកួតថ្ងៃទី៤ ហើយ ដោយគិតត្រឹមថ្ងៃទី០២ ខែឧសភានេះ ខណៈក្រុមកីឡាការិនីវៀតណាម បានកក់មេដាយមាស ១គ្រឿងហើយ លើវិញ្ញាសានារី ២នាក់ ទល់ ២នាក់ ៦០នាទី ។ ចំណែកក្រុមកីឡាករកម្ពុជា នឹងត្រូវជួបក្រុមថៃ ដើម្បីប្រជែងមេដាយមាស លើវិញ្ញាសាបុរស ៣នាក់ ទល់ ៣នាក់ ៦០នាទី នាជុំចុងក្រោយ ។

សម្រាប់វិញ្ញាសាបុរស ៣ស្មើ ៦០នាទី ក្រុមអុកចត្រង្គកម្ពុជា គឺមានកីឡាករ ជា បូរ៉ា, សុខ លឹមហេង និង ជា ស៊ីដេត នៅថ្ងៃទី០២ ខែឧសភានេះ បានបន្ដជ័យជម្នះក្នុងការប្រកួតសន្សំពិន្ទុជុំទី៣ លើក្រុមហ្វីលីពីន មុនបន្ដជ័យជម្នះក្រុមមីយ៉ាន់ម៉ា នៅល្ងាចថ្ងៃដដែល បន្ទាប់ពីយកឈ្នះក្រុមមីយ៉ាន់ម៉ា និងវៀតណាម កាលពីម្សិលមិញ ។ រីឯក្រុមថៃ ដែលមានកីឡាករ Worathep Timsri, Warot Kananub និង Wisuwat Teerapabpaisit ក៏បានបន្ដជ័យជម្នះក្នុងជុំទី៣ និងទី៤ លើក្រុមវៀតណាម និងហ្វីលីពីនផងដែរ ។

ដូច្នេះសរុបលទ្ធផលប្រកួត ៤ជុំដំបូង ក្នុងចំណោមវិញ្ញាសា ដែលមានបេក្ខភាព ៥ប្រទេសចូលរួមនេះ គឺក្រុមជម្រើសជាតិកម្ពុជា និងថៃ គឺរកបាន ៤ពិន្ទុស្មើគ្នា ខណៈការប្រកួតនៅសល់ ១ជុំទៀតប៉ុណ្ណោះ នឹងបញ្ចប់ ។ ហេតុនេះ កម្ពុជា និងថៃ នឹងត្រូវជួបគ្នានៅជុំទី៥ ដែលជាការប្រកួតសន្សំពិន្ទុជុំចុងក្រោយ ដើម្បីកាត់សេចក្ដីរកក្រុមមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់មេដាយមាសលើវិញ្ញាសាបុរស ៣នាក់ ទល់ ៣នាក់ ៦០នាទី ។ តាមការគ្រោងទុកការប្រកួតកាត់សេចក្ដីនេះ នឹងធ្វើឡើងនាថ្ងៃទី០៦ ខែឧសភាខាងមុខ ។

ដោយឡែកវិញ្ញាសានារី ២នាក់ស្មើ ៦០នាទីវិញ គឺក្រុមកីឡាការិនីវៀតណាម Thanh Phuong Thao Pham និង Nu Hong An Ton បានកក់មេដាយមាសក្នុងដៃទៅហើយ ក្រោយឆ្លងកាត់ ៥ប្រកួតឈ្នះទាំង ៥ប្រកួតរកបាន ៥ពិន្ទុ ពិសេសការប្រកួតជុំទី៦ នៅល្ងាចថ្ងៃអង្គារ៍នេះ ដោយពួកគេ បានយកឈ្នះក្រុមហ្វីលីពីន ដែលជាគូប្រជែងមេដាយមាស ។ ជ័យជម្នះនេះ បានធ្វើឲ្យវៀតណាម បានកក់មេដាយមាស ដោយស្វ័យប្រវត្តិ ខណៈហ្វីលីពីន នឹងទទួលបានត្រឹមមេដាយប្រាក់ កំពុងកាន់ ៤ពិន្ទុក្នុងដៃ ដ្បិតនៅសល់ ១ប្រកួតក្នុងដៃ នៅជុំទី៧ នាថ្ងៃទី៦ ខែឧសភា ។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ ។

គួរបញ្ជាក់ថា កីឡាអុកចត្រង្គ គ្រោងចំណាយពេល ១០ថ្ងៃ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានអត្តពលិកមកពី ៧ប្រទេសចូលរួម និងប្រកួតលើ ៧វិញ្ញាសា ។ គិតមកទល់ពេលនេះ មានវិញ្ញាសា ៤ ហើយ ដែលបានធ្វើការប្រកួត ក្នុងនោះវិញ្ញាសាឯកត្តជនបុរស ៥នាទី កីឡាករកម្ពុជា ២នាក់ បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយកីឡាករវៀតណាម ។ រីឯវិញ្ញាសាបុរស ៤នាក់ស្មើ ៦០នាទី ក្រុមកម្ពុជា ត្រូវចាំអ៊ុតលទ្ធផលក្រុមថៃ ជួបវៀតណាម ដើម្បីកំណត់ជយលាភីមេដាយប្រាក់ ឬសំរឹទ្ធ ដ្បិតកម្ពុជា បានអស់ឱកាសដណ្ដើមមេដាយមាសទៅហើយ ៕