(ភ្នំពេញ)៖ អ្នកទទួលបន្ទុកដឹកនាំក្រុមអត្តពលិក នៃប្រទេសសិង្ហបុរី និងជាសមាជិកក្រុមប្រឹក្សាកីឡាអូឡាំពិកសិង្ហបុរី(SNOC) សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជា លោក Hing Siong Chen បានសម្ដែងការពេញចិត្តជាខ្លាំង ចំពោះការស្វាគមន៍ និងការរៀបចំរបស់កម្ពុជា បន្ទាប់ពីលោកបានដឹកនាំក្រុមជម្រើសជាតិរបស់ខ្លួនមកដល់កម្ពុជាប៉ុន្មានថ្ងៃប៉ុណ្ណោះ ។ នេះបើតាមយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។

ថ្លែងប្រាប់ CNA នៅថ្ងៃពុធ ទី០៣ ខែឧសភា បន្ទាប់ពីពិធីស្វាគមន៍ក្រុមកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ លោក Hing Siong Chen បាននិយាយថា ប្រទេសម្ចាស់ផ្ទះធ្វើបានល្អហើយ។

លោកថា «យើងបានទៅពីរបីកន្លែងនៅភ្នំពេញ យើងបានទៅប្រកួតកីឡាគ្រីឃីត យើងបានទៅកន្លែងប្រកួតកីឡាវាយកូនគោល ពួកយើងក៏បានដើរមើលកម្សាន្តជុំវិញអាងហែលទឹក។ ពួកគេមានកន្លែងហាត់ប្រាណថ្មីមួយ ដែលពួកគេបានសាងសង់ ដែលជាកន្លែងហាត់ប្រាណដ៏ធំសម្រាប់អត្តពលិក ។ ដូច្នេះពួកគេអាចធ្វើការហ្វឹកហាត់របស់ពួកគេផងដែរ»

ប្រធានសហព័ន្ធកីឡាទោចក្រយានសិង្ហបុរីដដែលបន្ដថា «ពួកគេ(ប្រទេសកម្ពុជា) បានដឹងពីអ្វីដែលអត្តពលិកត្រូវការ។ ពួកគេក៏ជាអត្តពលិកដែលឥឡូវនេះ បានក្លាយជាអ្នករៀបចំ។ ពួកគេបានគ្រោងទុកវាយ៉ាងល្អ ហើយវានឹងមានច្រើនជាងនេះទៅទៀតសម្រាប់ការប្រកួត។ ពួកគេបានធ្វើការងារបានល្អ»។

នេះជាលើកដំបូងរបស់កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់តំបន់។ ស៊ីហ្គេមលើកទី៣២ ដោយមាន ៣៦ប្រភេទកីឡា និងកីឡាសម្ដែងមួយប្រភេទ ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញផង និងតាមបណ្ដាខេត្តផង ដូចជាខេត្តសៀមរាប ព្រះសីហនុ កំពត និងខេត្តកែបជាដើម ។ ពិធីបើកកីឡាស៊ីហ្គេម លើកទី៣២ នឹងរៀបចំនាថ្ងៃទី០៥ ខែឧសភា ប៉ុន្ដែកីឡាមួយចំនួន បានដំណើរការប្រកួតហើយ ។

លោក Hing Siong Chen បន្ថែមថា «មិនថាអ្នករៀបចំប៉ុណ្ណាក៏ដោយ អ្នកមិនអាចត្រៀមរួចរាល់សម្រាប់វានោះទេ រហូតដល់អ្នកនៅទីនេះផ្ទាល់។ ដូច្នេះវាពិតជាល្អណាស់ ដែលបាននៅទីនេះ ជាមួយក្រុមទាំងមូល» ។ «ពួកគេទាំងអស់គ្នាពិតជារំភើបណាស់ ។ ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ពួកគេបានហ្វឹកហាត់យ៉ាងខ្លាំង ហើយឥឡូវនេះពួកគេទាំងអស់គ្នារីករាយណាស់ដែលបានមកទីនេះ»

ចំពោះភូមិកីឡា នៅក្នុងរាជធានីភ្នំពេញវិញ ក៏មានកម្រិតល្អប្រសើរផងដែរ ។ លោកថា «វាថ្មីណាស់ ស្អាត ស្រួលខ្លួន មានម៉ាស៊ីនត្រជាក់ទាំងអស់ មានទឹករត់ មានទឹកក្តៅសម្រាប់ងូតទឹកផងដែរ។ ហើយបន្ទាប់មកមានសេវាបោកអ៊ុតសម្រាប់អត្តពលិក ។ លេខាធិការដ្ឋានក៏នៅទីនោះផងដែរ ដើម្បីឱ្យប្រាកដថាអ្វីៗផ្សេងទៀតដែលពួកគេត្រូវការ មាននៅទីនោះ» ។ លោក Hing សង្កត់ធ្ងន់បែបនេះ ។

លោកបន្តថា «រហូតមកដល់ពេលនេះ អត្តពលិករបស់ក្រុមសិង្ហបុរីបានសម្របខ្លួនបានយ៉ាងល្អ។ វានឹងមានកំហុសតិចតួច ប៉ុន្តែវាកើតឡើងរាល់ពេលស៊ីហ្គេម ហើយអ្វីដែលសំខាន់គឺគេទទួលយកបាននូវអ្វីដែលយើងប្រាប់គេ។ ថ្ងៃបន្ទាប់យើងមានប្រជុំ CDM ព្រឹកហ្នឹង គេបានកែសម្រួលហើយ។ ពួកគេរីករាយណាស់ដែលបានឮពីអ្វីបន្ថែមទៀតដែលយើងត្រូវការ ។ ពួកគេរីកចម្រើនខ្លាំងណាស់ ហើយពួកគេតែងតែនៅទីនោះ ត្រៀមខ្លួនជួយជានិច្ច»