(ភ្នំពេញ)៖ លោក សរ សិទ្ធិ ប្រធានសហព័ន្ធសូហ្វតិន្នីសកម្ពុជា ក៏ដូចជាគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា លោក យី សារិន បានអះអាងថា គិតមកទល់ពេលនេះ រូបលោក និងកូនក្រុម ដែលជាជម្រើសជាតិ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រកួតប្រជែងជាមួយប្រទេសទាំង៥ផ្សេងទៀត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងឈានចូលមកដល់ នាពេលដ៏ខ្លីខាងមុខនេះ។

គ្រូបង្វឹកពោរពេញដោយបទពិសោធវ័យ៦២ឆ្នាំរូបនេះ រំពឹងថា កីឡាសូហ្វតិន្នីសកម្ពុជា នឹងសម្រេចបានជោគជ័យ ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់របស់លោក សរ សិទ្ធិ បានរៀបចំផែនការយ៉ាងល្អិតល្អន់ ក្នុងនោះបូករួមទាំងការពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេសថ្នាក់ជាតិរៀបចំការប្រកួត និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទីលានប្រកួតផងដែរ។

លោកគ្រូ បានគូសបញ្ជាក់ថា លោកបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការរៀបចំ និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីរបស់ខ្លួន ដើម្បីប្រកួតប្រជែងយកមេដាយជូនជាតិមាតុភូមិ។ វិញ្ញសាដែលសហព័ន្ធរំពឹងខ្ពស់ ថានឹងអាចដណ្តើមបានមេដាយមាស គឺវិញ្ញាសាវាយគូរបុរស ដ្បិតកីឡាករដែលប្រកួតវិញ្ញាសានេះពេញដោយសមត្ថភាព។

ចំណែក កញ្ញា ឃនសាត សាន្នីតា នាយកបច្ចេកទេស(Sport Director) នៃសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក៏បានបង្ហាញក្តីជឿជាក់ថា នឹងទទួលបានជោគជ័យពីការរៀបចំការប្រកួតនេះ សហព័ន្ធ បានរៀបចំផែនការការងារយូរអង្វែង ច្បាស់លាស់ និងមានចក្ខុវិស័យវែងឆ្ងាយ ដូចជាការផលិតធនធានកីឡាករ មន្ត្រីបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចបម្រើ ឲ្យការប្រកួតសម្រេច បានដោយជោគជ័យ។

កញ្ញាក៏បានបន្ថែមដោយមោទកភាពទៀតថា គិតមកទល់ពេលនេះ សហព័ន្ធយើងបានរៀបចំរួចរាល់ហើយ ដោយផ្នែកធនធានមនុស្ស យើងបានបណ្តុះបណ្តាល កីឡាករ កីឡាការិនីរបស់យើង តាំងពីឆ្នាំ២០១៦មកម្លេះ។ អ្វីដែលល្អបំផុត គឺយើងមានទីលានប្រកួតផ្ទាល់ខ្លួន ដែលអាចបម្រើដល់ការហ្វឹកហាត់របស់កីឡាករ កីឡាការិនីរបស់យើង ហើយក៏ងាយស្រួលដល់ការរៀបចំ ការប្រកួតក្នុងព្រឹត្តិការណ៍នានា។ ឯមន្ត្រីបច្ចេកទេស សម្រាប់រៀបចំការប្រកួត ក៏យើងបានបណ្តុះបណ្តាលរួចមកហើយដែរក្នុងរយៈកាលកន្លងមក។

នាយកបច្ចេកទេសរូបនេះ បានបង្ហាញក្តីរីករាយ និងការតាំងចិត្តរៀបចំការប្រកួតស៊ីហ្គេមជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជានេះ ឲ្យទទួលបានជោគជ័យ ក្រោមការដឹកនាំ របស់លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងការលើកទឹកចិត្ត ការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា នឹងធ្វើឲ្យការប្រកួតកីឡាមួយនេះ ទទួលបានជោគជ័យ និងនាំមកនូវមោទកភាពជូនជាតិមាតុភូមិ ដើម្បីឆ្លើយតបទៅនឹងការទន្ទឹងរង់ចាំអស់រយៈពេលជិត៦០ឆ្នាំរបស់កម្ពុជា។

សូមជម្រាបជូនថា ការប្រកួតកីឡាសូហ្វតិន្នីស ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ ប្រទេសដែលចូលរួមក្នុងការប្រកួតនេះ មានចំនួន០៦រួមមាន៖ កម្ពុជាម្ចាស់ផ្ទះ ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ និងទីម័រ។ ក្នុងព្រឹត្តិការណ៍នេះ កម្ពុជាត្រៀមកីឡាករ កីឡាការិនីចំនួន១៦រូប រួមមាន៖ កីឡាក០៨រូប កីឡាការិនី០៨រូប៕