(ភ្នំពេញ)៖ នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ដោយមោទនភាពនោះ នឹងត្រូវប្រកាសបើកប្រកួតជាផ្លូវការ។

ក្នុងនោះ កីឡាករជម្រើសជាតិកម្ពុជា ដែលបានសំងំហ្វឹកហាត់សម្រួចកម្លាំង ដើម្បីប្រកួតបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដណ្តើមកិត្តិយសជូនជាតិមាតុភូមិ។

មុននេះដែរ កីឡាករហែលទឹកលេចធ្លោររបស់កម្ពុជា គឺលោក ម៉ុនត្រូស សុវណ្ណ បានធ្វើដំណើរចាកចេញពីប្រទេសថៃ ដែលជាទីកន្លែងហ្វឹកហាត់រយៈពេល៣ឆ្នាំកន្លងមកហើយនោះ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីរាត្រីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចាំទទួលស្វាគមន៍ពីក្រុមគ្រួសារ។

សុវណ្ណគឺជាកីឡាករកូនកាត់ខ្មែរអាមេរិកកាំងវ័យក្មេង ដែលធ្លាប់ឈ្នះមេដាយពីការប្រកួតជាច្រើនបន្តបន្ទាប់ ក្នុងនោះលោកក៏ទទួលបានអាហារូបករណ៍សិក្សាបន្ថែម លើកីឡាហែលទឹកពី សហព័ន្ធកីឡាហែលទឹកអន្តរជាតិ ដោយបានធ្វើការហ្វឹកហាត់នៅប្រទេសថៃ ចំនួន៣ឆ្នាំកន្លងមកហើយ ហើយវេលានេះ គឺជាឱកាសដែលលោកនឹងធ្វើការប្រកួត លើជំនាញហែលទឹកក្បាច់មេអំបៅចម្ងាយ៣០ម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់លោកក្រោយពីវិលត្រឡប់មកកាន់មាតុប្រទេសវិញ។

លោកថ្លែងក្តីរំភើប និងមានមោទកភាពខ្លាំងដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហើយក៏ជាការទន្ទឹងរងចាំជាយូរមកហើយរបស់កីឡាករទាំងអស់ ដែលបានត្រៀមខ្លួនក្នុងការដណ្តើមយកមេដាយជូនជាតិមាតុភូមិ។

លោកថា នៅប្រទេសថៃលោកប្រឹងប្រែងហ្វឹកហាត់ប្រមាណ៤ម៉ោង ជារៀងរាលថ្ងៃដើម្បីប្រាកដថា នឹងទទួលបានលទ្ធផលល្អប្រសើរនៅពេលប្រកួតក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោកលើកឡើងថា មិនថាលទ្ធផលយ៉ាងណាប៉ុន្តែអ្វីដែលលោកអាចនិយាយបាននៅពេលនេះ គឺនឹងប្តេជ្ញាថានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីនាំមកនូវកិត្តិយសជូនជាតិមាតុភូមិ និងរំពឹងថាទទួលបានការគាំទ្រ ការលើកទឹកចិត្តពីប្រជាពលរដ្ឋខ្មែរ។

គួរបញ្ជាក់ផងដែរថា សុវណ្ណ គឺជាកូនកាត់ខ្មែរអាមេរិកកាំងដែលមានឪពុកជាជនជាតិអាមេរិក គឺជាអ្នកជំនួញនៅកម្ពុជា ខណៈដែលម្តាយលោកគឺជាជនជាតិខ្មែរ ហើយគាត់កំពុងរស់នៅប្រទេសកម្ពុជាផងដែរ៕