(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានភាពជោគជ័យ ក្នុងការចាក់បញ្ចាំងភាពយន្តជាបន្តបន្ទាប់ ជាពិសេសរឿង «នាឡិកាដាស់វិញ្ញាណ» ទទួលបានការគាំទ្រខ្លាំង រហូតត្រូវបានយកទៅចាក់បញ្ចាំងនៅលើទីផ្សារអន្តរជាតិ បានរហូតដល់ជាង១០ប្រទេសនោះ នៅពេលនេះ ផលិតកម្ម LD Picture ដែលមានលោក លៀក លីដា ជាចាងហ្វាង បានបញ្ចេញស្នាដៃភាពយន្តខ្នាតធំមួយថ្មីទៀត ក្រោមចំណងជើងថា «ថ្នាក់១២ង» ដែលជារឿងបែបភ័យរន្ធត់តក់ស្លុត ព្រឺព្រួច មានការចូលរួមសម្តែងដោយតួអង្គចម្រុះជាតិសាសន៍។

ខ្សែភាពយន្ដខ្នាតធំ រឿង «ថ្នាក់១២ង» គឺជាការផលិតរួមគ្នាដោយផលិតកម្ម LD និងក្រុមហ៊ុន Dream Team និងមានការចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ខណៈភាពយន្តនេះ បានសម្ពោធដាក់បញ្ចាំងជាផ្លូវការកាលពីថ្ងៃទី០២ ខែឧសភា នៅផ្សារទំនើប K-Mall។ តាមរយៈការដាក់បង្ហាញស្នាដៃថ្មីនេះ ទាំងចាងហ្វាងផលិតកម្ម និងអ្នកដឹកនាំរឿង សុទ្ធតែបង្ហាញជំហរថា នឹងនាំខ្សែភាពយន្ដមួយនេះ ទៅចាក់បញ្ចាំងនៅក្រៅប្រទេសបន្ថែមទៀត ព្រោះរឿងនេះត្រូវបានផលិតឡើងជាភាសាអង់គ្លេសលើកដំបូងគេ។

លោក លៀក លីដា ដែលធ្លាប់ទទួលបានពានរង្វាន់អ្នកដឹកនាំឆ្នើម រឿង «នាឡិកាដាស់វិញ្ញាណ» ក្នុងកម្មវិធីមហាស្រពភាពយន្តជាតិលើកទី៦ ប្រចាំឆ្នាំ២០១៩ នោះ បាននិយាយនៅថ្ងៃដាក់សម្ពោធយ៉ាងដូច្នេះថា «យើងមិនមែនចេះតែនិយាយទេ ព្រោះ LD បាននាំចេញខ្លះរួចមកហើយដូចជារឿង នាឡិកាដាស់វិញ្ញាណ ដែលយើងបានចាក់បញ្ចាំងនៅជាង ១០ប្រទេស ហើយខែក្រោយនេះរឿង «នាឡិកាដាស់វិញ្ញាណ» នឹងមាននៅលើ Platform ធំៗរបស់ពិភពលោកដូចជា Ad world TV, Amazon prime, Google play យើងនឹងមាននៅខែក្រោយនេះ បើយើងរៀបចំចុះកុងត្រា»។

លោកបានបន្ថែមថា ផលិតកម្ម LD គឺមានឆន្ទៈនាំខ្សែភាពយន្ដខ្មែរទៅកាន់ទីផ្សារអន្ដរជាតិកាន់តែចច្រើន បន្ទាប់ពីខ្សែភាពយន្ដមួយរបស់ខ្មែរក្រោមចំណងជើងថា «នាឡិកាដាស់វិញ្ញាណ» ទទួលបានជោគជ័យ។ លោកថា ខ្សែភាពយន្ដបែបរន្ធត់ថ្មី ចំណងជើងថា «ថ្នាក់១២ង» នឹងចេញទៅក្រៅប្រទេសទៀត ហើយរំពឹងថា នឹងទទួលបានជោគជ័យដូចគ្នា។

ទន្ទឹមគ្នានេះងាកមកលោក នួន ម៉ូលីន ដែលជាអ្នកនិពន្ធរឿង «ថ្នាក់១២ង» និងត្រូវបានគេដឹងថា ជាម្ចាស់ពានរង្វាន់ឆ្នើម ក្នុងកម្មវិធីមហាស្រពភាពយន្តជាតិលើកទី៦ ប្រចាំឆ្នាំ២០១៩នោះ បាននិយាយថា នេះជាភាពយន្តរន្ធត់ទី៣ ហើយដែលលោកបានសរសេរបន្ទាប់ពីរឿង «នាឡិកាដាស់វិញ្ញាណ» ឆ្នាំ២០១៩ និងរឿង «ថេកចុងក្រោយ» ឆ្នាំ២០២០ សម្រាប់ឆ្នាំ២០២៣នេះ គឺរឿងថ្នាក់ទី «ថ្នាក់១២ង» នេះតែម្តង។

គួរជម្រាបថា នៅក្នុងពិធីសម្ពោធរឿង «ថ្នាក់១២ង» គេឃើញថា មានភ្ញៀវកិត្តិយសដែលជាអ្នកសិល្បៈល្បីៗជាច្រើនចូលរួម ដើម្បីបអរសាទរការសម្ពោធចាក់បញ្ចាំងរឿងនេះជាផ្លូវការ៕