(បរទេស)៖ កម្មវិធីផ្ញើសារ WhatsApp ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Meta Platform កំពុងធ្វើការលើមុខងារ GIF ដែលអាចឱ្យធ្វើចលនាបានដោយស្វ័យប្រវត្តិជាលើកដំបូងទាំងអ្នកប្រើ iOS និង Android។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

GIF ជាមុខងារមួយដែលមានវ័យចំណាស់ជាងគេ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ១៩៨៧ និងជាមុខងារដែលអាចមានចលនាដំបូងគេបង្អស់ សម្រាប់ការចែករំលែក memes។ មុខងារនេះបច្ចុប្បន្នមាននៅគ្រប់បណ្តាញផ្សព្វផ្សាយសង្គមរបស់ Meta រួមមាន Facebook និង Instagram ដែលអាចដំណើរការទៅលើចលនារូបភាពបានដោយស្វ័យប្រវត្តិ។ ប៉ុន្តែនៅលើ WhatsApp ហាក់នៅមានចំណុចខ្វះខាតនៅត្រង់នេះ ក្នុងអំឡុងពេលផ្ញើ GIF គឺត្រូវចុចទៅលើ «GIF» បន្ទាប់បង្វិលអស់មួយជុំវានឹងឈប់ដោយខ្លួនឯង។

យ៉ាងណាមិញតាមរយៈ WBetainfo កម្មវិធីផ្ញើសារ WhatsApp បានសរសេរថា គេនឹងបញ្ចេញកំណែអាប់ដេតមកជួសជុលចំណុចខ្វះខាតនេះហើយ ជាមួយនឹង WhatsApp beta 2.23.10.2 ទាំងអ្នកប្រើប្រាស់ iOS និង Android។ ជាក់ស្តែងចំពោះការផ្ញើសារ meme ជាប្រភេទ GIF នេះក្នុងប្រទេសកម្ពុជាយើងមិនសូវជាពេញនិយមប៉ុន្មាននោះទេ ប៉ុន្តែចំពោះបណ្តាលប្រទេសផ្សេងៗមានការពេញនិយមច្រើនទៅលើមុខងារប្រភេទនេះ។ ដូច្នេះហើយទើបក្រុមហ៊ុនបច្ចេកវិទ្យាអឺរ៉ុបព្យាយាមបបន្ថែមសមត្ថភាពមុខងាររបស់ខ្លួនដល់អ្នកប្រើប្រាស់ជាច្រើន រួមទាំងទាក់ទាញការប្រើប្រាស់អ្នកប្រើប្រាស់វ័យក្មេងផងដែរ៕