(ព្រះវិហារ)៖ បច្ចុប្បន្ន នៅទូទាំងខេត្តព្រះវិហារមានប្រាសាទបុរាណសរុបជាង២៨០ទីតាំង និងទីបុរាណដ្ឋានជាង៥០០ទីតាំង ដែលត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែក៏នៅមានការសង្ស័យថាប្រាសាទផ្សេងទៀតនៅមិនទាន់រកឃើញ ឬក៏រកឃើញហើយតែមិនចុះក្នុងបញ្ជី។

ពាក់ព័ន្ធនឹងការសង្ស័យនេះ នាពេលថ្មីៗកន្លងទៅ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារបានបង្ហាញឈ្មោះ និងទីតាំងប្រាសាទចំនួន២ គឺប្រាសាទនាង និងប្រាសាទបាថាំង។ ប្រាសាទទាំងពីរនេះស្ថិតនៅភូមិគូលែនខាងត្បូង ឃុំគូលែន ស្រុកគូលែន ខេត្តសៀមរាប។

ប្រាសាទបាថាំង​មានប្រាង្គចំនួន៣ទៀតតម្រៀបជាឈរទន្ទឹមគ្នា លាតសន្ធឹងទទឹងថ្ងៃ ដោយប្រាង្គកណ្ដាលសង់អំពីថ្មភក់ ប្រាង្គ២សងខាងសង់អំពីថ្មបាយក្រៀម ខណៈប្រាង្គទាំង៣គឺមានកម្ពស់៥ម៉ែត្រស្មើគ្នា។

លោក មួង ច័ន្ទសី អនុប្រធានការិយាបេតិកភណ្ឌនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានថ្លែងប្រាប់ Fresh News បន្ថែមនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះថា ប្រាសាទបាថាំងគឺមានឈ្មោះក្នុងបញ្ជីសារពើភណ្ឌរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈយូរហើយ គ្រាន់តែមិនទាន់បានចុះទៅដល់កំណត់ទីតាំងជាក់ស្ដែង ដូច្នេះវាហាក់ដូចជារឿងថ្មីសម្រាប់ក្រុមការងារ និងឆ្មាំការពារប្រាសាទ។ លោកបន្តថា «ប្រាសាទបាថាំង មានរាងធំ នៅសល់ច្រើន ហើយនៅមានកំពែង»

លោក មួង ច័ន្ទសី បានឱ្យដឹងទៀតថា ចំពោះប្រាសាទនាង គឺនៅមិនទាន់ដឹងថាជាប្រាសាទចាស់ ឬយ៉ាងណានោះទេ ប៉ុន្តែក្រុមការងារចុះទៅពិនិត្យផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ ដែលគ្រោងចុះទៅនៅខែមិថុនា ឆ្នាំ២០២៣ខាងមុខ។

បើតាមអនុប្រធានការិយាបេតិកភណ្ឌរូបនេះ មន្ទីរវប្បធម៌ខេត្តព្រះវិហារមិនទាន់អាចបញ្ជាក់ថា ប្រាសាទទាំង២ខាងលើនៅសេសសល់បុរាណវត្ថុ ឬរូបចម្លាក់នៅឡើយទេ តែនឹងបញ្ជាក់នៅពេលចុះទៅដល់ទីតាំងផ្ទាល់នៅខែក្រោយនោះ ព្រោះបច្ចុប្បន្ននេះក្រុមការងារកំពុងចុះទៅប្រាសាទផ្សេងៗ និងស្រុកផ្សេងៗទៀត ដោយហេតុអ្នកជំនាញមានតិច ហើយប្រាសាទមានច្រើន។

លោក ច័ន្ទសី បញ្ជាក់ដែរថា ប្រាសាទគឺមានច្រើន ប្រាសាទខ្លះឆ្មាំមិនទាន់ស្គាល់ឈ្មោះច្បាស់ ប្រាសាទខ្លះក៏ទើបតែមានអ្នកទៅដល់ តែយ៉ាងណាប្រាសាទទាំងនោះគឺមានក្នុងបញ្ជីស្រាវជ្រាវរបស់ក្រសួងវប្បធម៌រួចហើយ។ ចំពោះប្រាសាទដែលមានក្នុងបញ្ជីស្រាវជ្រាវនេះ មន្ទីរវប្បធម៌ខេត្តមាននាទីចុះទៅផ្ទៀងផ្ទាត់ទីតាំង ឈ្មោះ ប្រវត្តិសាវតា ដើម្បីកំណត់ឱ្យបានច្បាស់ទៅក្នុងបញ្ជីសារពើភណ្ឌរបស់ក្រសួងវប្បធម៌។

លោកថ្លែងយ៉ាងដូច្នេះថា «នៅក្នុងខេត្តព្រះវិហារ មានប្រាសាទសរុបប្រហែលជាខ្ទង់២៨០ជាង និងទួលបុរាណប្រហែល៥០០ជាង»

លោកបានបន្ថែមថា គោលដៅបន្ទាប់របស់មន្ទីរវប្បធម៌ខេត្តព្រះវិហារ នៅពេលចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ក្នុងបញ្ជីសារពើភណ្ឌបានច្បាស់លាស់ហើយ ក្រុមការងារនឹងបន្តការស្រាវជ្រាវ និងចងក្រងប្រវត្តិសាវតានៃទីតាំងប្រាសាទនីមួយៗ ហើយក៏នឹងរៀបចំផែនការលើកផ្លាកឈ្មោះប្រាសាទ ផ្លូវនិងគោលដៅប្រាសាទ ក៏ដូចជាផ្លាកបញ្ជាក់ពីប្រវត្តិសាវតាប្រាសាទថាកសាងនៅឆ្នាំណា ក្សត្រអង្គណា ទម្រង់រចនាបថមួយណា ក៏ដូចជាផ្លាកសម្រាប់ភ្ញៀវទេសចរដើម្បីឱ្យពួកគាត់អាចទៅទស្សនាបាន ហើយយល់ដឹងពីប្រាសាទនីមួយៗនោះ។ នេះជាផែនការបន្ទាប់របស់មន្ទីរវប្បធម៌ខេត្តសៀមរាប។

ប្រាសាទនៅក្នុងព្រៃជ្រៅ ដូច្នេះការធ្វើដំណើរក៏ពិបាកសម្រាប់ភ្ញៀវទេសចរដែរ តែសម្រាប់ក្រុមការងារមន្ទីរ ការងារណាដែលធ្វើបាន ក៏នៅតែបន្តធ្វើ ដើម្បីការពារសម្បត្តិបេតិកភណ្ឌឱ្យបានកាន់តែរឹងមាំ។ នេះជាការបន្ថែមរបស់អនុប្រធានការិយាបេតិកភណ្ឌនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារ។

គួរជម្រាបថា ខេត្តព្រះវិហារក៏ជាខេត្តមានប្រវត្តិចំណាស់មួយរបស់ប្រជាជាតិខ្មែរ តាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ទីតាំងប្រាសាទ បណ្ដាញផ្លូវបុរាណ ទីសក្ការៈដ៏ស័ក្តិសិទ្ធិតាំងពីបុរាណកាលយូរលង់មកហើយ ក្នុងនោះមានដូចជាប្រាសាទព្រះវិហារ ប្រាសាទកោះកេរ ប្រាសាទព្រះខ័នកំពង់ស្វាយ ប្រាសាទអ្នកបួស ភ្នំត្បែង ផ្លូវបុរាណពីរាជធានីអង្គរ (យសោធរបុរៈ) កាត់ប្រាសាទបេងមាលា ឡើងទៅដល់ប្រាសាទកោះកេរ (លិង្គបុរៈ) បន្តទៅដល់ប្រាសាទអ្នកបួស បង្ហួសឆ្ពោះទៅកាន់វត្តភូ (ស្រេស្ឋបុរៈ) ប្រទេសឡាវបច្ចុប្បន្ន ព្រមទាំងទីបុរាណដ្ឋានជាច្រើនទៀតដែរ៕