(ភ្នំពេញ)៖ ស្ថិតក្នុងពូល B ក្រុម U22 វៀតណាម បានយកឈ្នះក្រុមសឹង្ហបុរី ៣-១ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ វគ្គសន្សំពិន្ទុ ពេលនេះក្រុមវៀតណាម រកបាន ៦ពិន្ទុ ឡើងឈរកំពូលតារាងបណ្តោះអាសន្ន ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋានវិសាខា នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។

តាមរយៈលទ្ធផលនេះ ក្រុមសិង្ហបុរី នៅតែមិនមានពិន្ទុរាប់នោះទេ ក្រោយឆ្លងកាត់ ២ប្រកួត, ហើយប្រកួតបន្ទាប់ ក្រុមសិង្ហបុរី ត្រូវជួបក្រុមឡាវ នៅថ្ងៃទី០៦ ខែឧសភានេះ នៅម៉ោង ៧៖០០នាទីយប់ នៃជំនួបសន្សំពិន្ទុលើកទី៣ ដែលមានក្រុមថៃ ជួបក្រុមម៉ាឡេស៊ី ម៉ោង៤៖០០នារសៀល នាកីឡដ្ឋានវិសាខា។

ប្រកួតទី៣ របស់ក្រុមវៀតណាម ត្រូវជួបក្រុមម៉ាឡេស៊ី នៅថ្ងៃទី០៨ ខែឧសភានេះ ធ្វើឡើងនៅម៉ោង៧៖០០នាទីយប់ នាកីឡដ្ឋានវិសាខា។

គូសបញ្ជាក់ផងថា ការប្រជែងវិញ្ញសាបាល់ទាត់បុរស នៃកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ស្ថិតក្នុងពូល B គឺមានក្រុមវៀតណាម ជាក្រុមការពារតំណែងជើងឯកមេដាយមាស ហើយក្រុម U22 ថៃ ជាក្រុមជើងឯករង ដែលយកបានមេដាយប្រាក់ កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១៕