(បរទេស)៖ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានព្រមានម៉ាឡេស៊ីអំពីហានិភ័យដែលអាចកើតមានចំពោះសន្តិសុខជាតិ និងការវិនិយោគបរទេស ខណៈខ្លួនបញ្ចប់ការត្រួតពិនិត្យលើការដាក់ឱ្យដំណើរការបណ្តាញ 5G ដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុន Huawei Technologies Co Ltd របស់ចិនមានសិទ្ធិដេញថ្លៃសម្រាប់តួនាទីនៅក្នុងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ម៉ាឡេស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។

ប្រភពពីកាសែត Financial Times បានរាយការណ៍មកថា បេសកជនសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកប្រចាំប្រទេសម៉ាឡេស៊ី បានសរសេរសារទៅកាន់រដ្ឋាភិបាលកាលពីខែមេសា កន្លងទៅបន្ទាប់ពីពួកគេចាប់ផ្តើមសម្រេចចិត្តពិនិត្យឡើងវិញក្នុងការផ្តល់ជូននូវកញ្ចប់ថវិកាដល់ក្រុមហ៊ុន Ericsson ចំនួន ២.៥ពាន់លានដុល្លារ ក្នុងការដេញថ្លៃដើម្បីបង្កើតបណ្តាញ 5G ដែលគ្រប់គ្រងដោយរដ្ឋ។

ហេតុផលនេះហើយបានបង្កការព្រួយបារម្មណ៌ដល់ប្រទេសលោកខាងលិចថា ម៉ាឡេស៊ីអាចនឹងជួបហានិភ័យលើការដាក់ដំណើរការបណ្តាញអ៊ីនធឺណិត 5G ដោយសារតែប្រទេសនេះមានព្រួយបារម្មណ៍ពីឧស្សាហកម្មលើតម្លៃ និងតម្លាភាព ក៏ដូចជាការព្រួយបារម្មណ៍បណ្តាញដែលគ្រប់គ្រងដោយរដ្ឋាភិបាលតែមួយនឹងបណ្តាលឱ្យមានការផ្តាច់មុខជាសាធារណៈ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសម៉ាឡេស៊ី លោក Brian McFeeters បានសរសេរក្នុងសំបុត្រមួយថា «មន្ត្រីជាន់ខ្ពស់នៅទីក្រុងវ៉ាស៊ីនតោនយល់ស្របនឹងទស្សនៈរបស់ខ្ញុំថា ការដំឡើងគំរូដែលមានស្រាប់នឹងធ្វើឱ្យខូចដល់ការប្រកួតប្រជែងនៃឧស្សាហកម្មថ្មី បញ្ឈប់កំណើន 5G នៅក្នុងប្រទេសម៉ាឡេស៊ី និងធ្វើឱ្យប៉ះពាល់ដល់មុខមាត់អាជីវកម្មរបស់ម៉ាឡេស៊ីជាអន្តរជាតិ»

គួរជម្រាបថា ដោយអះអាងពីបញ្ហាសន្តិសុខជាតិ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចូលក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅមួយដែលហាមក្រុមហ៊ុនអាមេរិកនានាធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សចិនមួយនេះ។ ដូច្នេះហើយទើបអាមេរិកនៅតែព្រួយបារម្មណ៍ពីបញ្ហាសុវត្ថិភាពប្រទេសម៉ាឡេស៊ី៕