(ភ្នំពេញ)៖ ក្រុមកីឡាទោចក្រយានកម្ពុជា បានសម្ដែងនូវមោទនភាព និងរីករាយជាខ្លាំង ក្នុងការអម និងចូលរួមដង្ហែព្រះអគ្គិជ័យកីឡា (ភ្លើងគប់) នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីរួមចំណែកផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានាពេលនេះ ។ នេះបើតាមការលើកឡើងរបស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា។

ការលើកឡើងនេះ ស្របពេលព្រះអគ្គិជ័យកីឡា បានធ្វើដំណើរដល់ខេត្តសៀមរាប កាលពីម្សិលមិញ ហើយនឹងបន្ដដំណើរមកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៤ ខែឧសភានេះ មុនបន្ដដំណើរមករាជធានីភ្នំពេញ ពោលគឺឲ្យដល់វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី០៥ ខែឧសភា ដើម្បីប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង។

លោក នូ ចំរើន បានបញ្ជាក់ថា សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួន ចូលរួមដង្ហែ តាំងពីរាជធានីភ្នំពេញ ហើយលឆ្លៀតឱកាស ដំណើរគោលចរព្រះអគ្គិជ័យកីឡា ដល់ខេត្តសៀមរាប សហព័ន្ធក៏បានជំរុញការផ្សព្វផ្សាយបន្ថែមនូវពាក្យស្លោករបស់ខ្លួន គឺ Cycling For All(ជិះកង់ទាំងអស់) ក្រោមប្រធានបទ One Citizen One Bike Toward The 32nd Southeast Asian Games 2023 បានន័យថា ប្រជាជនម្នាក់ កង់មួយគ្រឿង ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ក្រោមជំនួបឧបត្ថម្ភរបស់សហព័ន្ធប្រណាំងកង់ពិភពលោក(UCI) ដើម្បីផ្សព្វផ្សាយពីភាពជាម្ចាស់ផ្ទះរបស់កម្ពុជា។

លោកថា ខេត្តសៀមរាប គឺជាមូលដ្ឋានរបស់សហព័ន្ធ ដែលត្រូវរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ លើវិញ្ញាសាកីឡាទោចក្រយាន ពោលគឺកីឡាកង់ភ្នំ នឹងរៀបចំការប្រកួតនៅតំបន់ភ្នំគូលែន និងកង់គួក នឹងត្រូវរៀបចំការប្រកួតនៅវង់ធំ ដោយចេញដំណើរ និងបញ្ចប់ទី នៅមុខប្រាសាទអង្គរវត្ត។ ដូច្នេះស្របពេលព្រះអគ្គិជ័យកីឡា ធ្វើដំណើរដល់ខេត្តសៀមរាប លោកពិតជាមានមោទនភាព ដើម្បីយកឱកាសនេះ ផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេមផង ការប្រកួតកីឡាទោចក្រយាននៅខេត្តសៀមរាប និងជំរុញឲ្យប្រជាពលរដ្ឋបានចូលរួមលេងកីឡា ដើម្បីសុខភាពផង៕