(ភ្នំពេញ)៖ កីឡាផ្សេងៗបានចាប់ផ្តើមប្រកួតបន្តបន្ទាប់ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា ក្នុងរយៈពេល ៦ថ្ងៃមកនេះ។

តួយ៉ាងនាថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភានេះ មានកីឡា ៩ប្រភេទបានចាប់ផ្តើមប្រជែងមេដាយជាបន្តបន្ទាប់ ដោយរួមមាន កីឡាហុកគីក្នុងសាល (Indoor Hockey) មានប្រកួត ៦ប្រកួតទាំងវិញ្ញសាបុរស-នារី ធ្វើឡើងនៅទីលាន Dinosaur Park Hall ស្ថិតក្នុងខណ្ឌជ្រោយចង្វារតែមួយគត់ នៅពេលដែលកីឡាបាល់ទាត់ វិញ្ញាសាបុរស មាន ២ប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នាសន្សំពិន្ទុពូល A គឺជំនួបរវាង U22 ឥណ្ឌូនេស៊ី ប៉ះមីយ៉ាន់ម៉ា និង ទីម័រខាងកើត ជួបហ្វីលីពីន។

ចំណែកឯកីឡាជឺជីតស៊ូវិញ បានចាប់ផ្តើមប្រកួតថ្ងៃនេះ ដោយមាន ២វិញ្ញាសាបុរស-នារី ប្រភេទទម្ងន់ ៥២គីឡូក្រាមដូចគ្នា ធ្វើឡើងនៅទីលាន Chroy Changvar Convention Center Hall B តែមួយគត់ គ្រាដែលកីឡាគុនល្បុក្កតោ វិញ្ញាសាឯកត្តជនបុរស-នារី ធ្វើការប្រកួតនៅទីតាំងខាងលើដូចគ្នា តែស្ថិតនៅ Hall C។

រីឯកីឡាឧបសគ្គ ដែលជាប្រភេទកីឡាទី៥ ប្រកួតក្នុងថ្ងៃនេះ នឹងលេងវិញ្ញាសាបុរស-នារី ជុំទី១ ដែលធ្វើឡើងនៅទីលាន Chroy Changvar Center ស្របពេលកីឡាអុកចត្រង្គដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៩ ខែមេសានោះ បន្តប្រកួតយ៉ាងស្វិតស្វាញដដែលនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) មានទាំងវិញ្ញាសាបុរស-នារី រយៈពេល ៦០នាទីដូចៗគ្នាផងដែរ។

យ៉ាងណាមិញ សម្រាប់កីឡាគ្រីឃីត (គប់បាល់ វាយនឹងដំបង) ក៏បន្តប្រកួតប្រជែងមេដាយផងដែរនៅទីលាន AZ Group Criket Oval ទាំងវិញ្ញាសាបុរស-នារី នៅពេលកីឡាទូកក្តោងលេងនៅខេត្តព្រះសីហនុ វិញ្ញាសាបុរស-នារី និងកីឡាបាល់ទះក្នុងសាល មាន ៤ប្រកួត វិញ្ញាសាបុរស វគ្គសន្សំពិន្ទុតាមពូល នឹងធ្វើឡើងនៅទីលាន Indoor Hall Olympic៕