(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែឧសភា បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំការប្រកួតកីឡាកាយសម្ព័ន្ធ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ខណៈទាំងទីលានហ្វឹកហាត់ និងទីលានប្រកួតបានរៀបចំរួចរាល់ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ។

បន្ទាប់ពីចុះពិនិត្យផ្ទាល់ ក៏ដូចជាជួបជាមួយក្រុមបច្ចេកទេសរៀបចំទីលាន លោករដ្ឋមន្ដ្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំ ទាំងសម្ភារៈ និងឧបករណ៍ប្រកួត ដែលអាចទទួលយកបាន និងមានលក្ខណៈស្ដង់ដារ សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម និងការប្រកួតធំៗផ្សេងទៀត ។ ប៉ុន្ដែនៅសល់ការងារតុបតែងបន្ដិចបន្ដួច លោកសង្ឃឹមថា មុនការប្រកួតមកដល់សហព័ន្ធនឹងរៀបចំបានរួចរាល់ ១០០% ។

ឆ្លៀតឱកាសនោះដែរ លោកបណ្ឌិត ថោង ខុន ក៏បានជួបសួរសុខទុក្ខក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកីឡាកាយសម្ព័ន្ធ អំពីការស្នាក់នៅ-ហូបចុក និងការហ្វឹកហាត់ជាដើម មុនការប្រកួតកីឡាស៊ីហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជា ដែលវិញ្ញាសាអាទិស្ទិក(Artistic) គ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី៨-៩ ខែឧសភា និងកីឡាកាយសម្ព័ន្ធប្រភេទអាអេរ៉ូប៊ីច(Aerobic) គ្រោងប្រកួតនាថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ។

ជាមួយគ្នាដែរ លោក ណយ ផាណា ក្នុងនាមអគ្គលេខាធិការសហព័ន្ធ និងជាអ្នកទទួលការងារជំនាញរបស់សហព័ន្ធ បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ប្រធានសហព័ន្ធខាងលើ ដែលបានផ្ដល់នូវអនុសាសន៍ ក៏ដូចជាការណែនាំ ដើម្បីធ្វើឲ្យការរៀបចំសម្ភារ ឧបករណ៍ប្រកួត ប្រកបដោយស្ដង់ដារ ព្រមទាំងបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះកីឡាករ-កីឡាការិនីត្រៀមការប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលដ៏ខ្លីខាងមុខ ៕