(ភ្នំពេញ)៖ កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា ដែលជាកីឡាករដំបូង​គេ​​របស់កម្ពុជាដណ្តើមបានមេដាយមាស បានសម្តែងអារម្មណ៍រំភើបរីករាយជាខ្លាំង ពេលពួកគេដណ្តើមបានមេដាយមាសជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា។

កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា ដណ្តើមបានមេដាយមាស ក្នុងវិញ្ញាសាប្រកួតកីឡាជឺជីតស៊ូ ផ្នែកសម្តែង (DUO) ប្រភេទសម្តែងក្រុមបុរសជាគូ (២ទល់២)។ ជ័យជម្នះរបស់ពួកគេ បន្ទាប់ពីយកឈ្នះក្រុមថៃ លំដាប់ពិន្ទុ (៦៧.៥-៦៥.៥នៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។

កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា គឺជាអ្នកដណ្តើមបានមេដាយមាស ដំបូងគេហើយនៅក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២នៅកម្ពុជា។ កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ ទូច ពិក្កដា បានលើកឡើងថា ពួកគេមានមោទនភាព ហើយរីករាយជាខ្លាំង ពេលដណ្តើមបានមេដាយមាសជូនជាតិ។

ពួកគេក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រយ៉ាងមុតមាំដល់ការប្រកួតរបស់ពួកគេ៕