(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដណ្តើមបានមកវិញនូវជ័យជម្នះ លើក្រុមជម្រើសជាតិថៃ ដោយលទ្ធផល ៣-២ (សិត) នាយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធបាល់ទះកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News បានអបអរសាទរដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជា ដែលឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា។

ក្រុមជម្រើសជាតិបាល់ទះគម្ពុជា នឹងទៅជួបជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៉ី ដើម្បីដណ្តើមយកមេដាយមាស នៅថ្ងៃទី៨ ខែឧសភាស្អែកនេះ។

សូជម្រាបថា ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមភ្ញៀវថៃបាននាំមុខជ័យជម្នះ ២សិតមុន ដោយពិន្ទុ ២៥-១៨ និង ២៥-២១ មុនក្រុមម្ចាស់ផ្ទះកម្ពុជា វាយបកឈ្នះ ៣សិតជាប់គ្នាវិញ ដោយពិន្ទុ ២៥-២១ (សិតទី៣) ២៥-១៦ (សិតទី៤) និងសិតកាត់សេចក្ដី គឺកម្ពុជា បានយកឈ្នះថៃ ១៥-១០ពិន្ទុ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ដ្រតែម្ដង ។

សម្រាប់វគ្គផ្ដាច់ព្រ័ត្រ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បន្ទាប់ពីឥណ្ឌូនេស៊ី បានយកឈ្នះក្រុមវៀតណាម ដោយលទ្ធផល ៣-០ (សិត) កាលពីល្ងាចមិញ ។ ចំពោះវគ្គដណ្ដើមមេដាយមាសនេះ នឹងត្រូវប្រកួតនាល្ងាចថ្ងៃទី០៨ ខែឧសភាស្អែក នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកដដែល ៕