(ភ្នំពេញ)៖ សមាជិកក្រុមបាល់ទះជម្រើសជាតិកម្ពុជា គឺកីឡាករ ឈាង ភារ័ត្ន (តួនាទីលីប្រូ) បានបាត់បង់លោកយាយបង្កើតជាទីស្រលាញ់របស់ខ្លួន នៅមុនការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិថៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ លើវិញ្ញាសាបាល់ទាត់បុរសក្នុងសាល កាលពីយប់មិញ តែត្រូវបានក្រុមគ្រួសារលាក់បាំង ព្រោះខ្លាចប៉ះពាល់ផ្លូវចិត្ត មុនការប្រកួតដ៏សំខាន់នេះ ។

យោងតាមការបង្ហោះរបស់លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក៏ដូចជាលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ថា ដំណឹងដ៏សោកស្ដាយនេះ ទើបតែត្រូវបានទម្លាយក្រោយពេល ក្រុមបាល់ទះកម្ពុជា យកឈ្នះក្រុមថៃ ឡើងវគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញ ដើម្បីត្រៀមការប្រកួតដណ្ដើមមេដាយមាសជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅយប់ថ្ងៃទី០៨ ខែឧសភានេះ ។

ជាមួយការលះបង់ និងការគិតគូររបស់ក្រុមគ្រួសារ ក៏ដូចជាការខំប្រឹងរបស់កីឡាករ ឈាង ភារ័ត្ន ផ្ទាល់ គឺបានទទួលការកោតសរសើរជាខ្លាំងពីមហាជន ហើយថ្នាក់ដឹកនាំ ព្រមទាំងថ្នាក់ដឹកនាំ ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់កីឡាករ ឈាង ភារ័ត្ន ដែលបាត់បង់មនុស្សជាទីស្រលាញ់នេះផងដែរ ៕