(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ះក្រុមឥណ្ឌូនេស៊ី ប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្តើមមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ វិញ្ញាសាបាល់ទះបុរសក្នុងសាល ជាប្រវត្តិសាស្ត្រលើកដំបូង ដែលការប្រកួតធ្វើឡើងនៅម៉ោង៧៖៣០នាទីយប់ ថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

រំលឹកផងថា មុនឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានឆ្លងកាត់ការវាយបកយកឈ្នះក្រុមថៃ យ៉ាងអស្ចារ្យដោយលទ្ធផល ៣-២ (សិត) ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្ថិតក្នុងការក្រុមភ្ញៀវថៃ បាននាំមុខជ័យជម្នះ ២សិតមុន ដោយពិន្ទុ ២៥-១៨ និង ២៥-២១ មុនក្រុមម្ចាស់ផ្ទះកម្ពុជា វាយបកឈ្នះ ៣សិតជាប់គ្នាវិញ ដោយពិន្ទុ ២៥-២១ (សិតទី៣) ២៥-១៦ (សិតទី៤) និងសិតកាត់សេចក្ដី គឺកម្ពុជា បានយកឈ្នះថៃ ១៥-១០ពិន្ទុ ដើម្បីឈានមកដល់វគ្គផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ដ្រនេះ។

បញ្ជាក់ផងថា ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ធ្លាប់បានឈ្នះមេដាយសំរឹទ្ធ កាលកីឡាស៊ីហ្គេម លើកទី៣១ ដែលពេលនោះបានយកឈ្នះក្រុមថៃ ៣-២៕