(ភ្នំពេញ)៖ កីឡាកាយសម្ព័ន្ធ បានបើកការប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាហើយ នៅថ្ងៃទី០៨ ខែឧសភានេះ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈពិធីបើកបានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។

ថ្លែងក្នុងពិធីបើកការប្រកួតនេះដែរ លោករដ្ឋមន្ដ្រី ថោង ខុន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូ អត្តពលិក ក៏ដូចជាមន្ដ្រីបច្ចេកទេសជាតិ-អន្ដរជាតិ ដែលបានចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា ក្រោមសម្លប់សន្ដិភាព នាសម័យតេជោ ដែលជំរុញឲ្យកម្ពុជា បានរៀបចំព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះឡើង។

លោកបន្ដថា «ខ្ញុំសូមជូនពរឲ្យការប្រកួតកីឡាកាយសម្ព័ន្ធក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ នាពេលនេះ ឲ្យទទួលបាននូវលទ្ធផលល្អ និងជោគជ័យគ្រប់ៗគ្នា និងសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោលសី ប្រតិភូកីឡា កីឡាករ កីឡាការិនី សូមមានផាសុកភាព ជាមួយនិងភាពសប្បាយរីរាយក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា»

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា កីឡាកាយសម្ព័ន្ធ បែងចែកជា ២ គឺប្រភេទកីឡាកាយសម្ព័ន្ធអាទិស្ទិក(Artistic) ត្រូវប្រកួតនៅថ្ងៃទី៨-៩ ខែឧសភានេះ មានអត្តពលិក ៧ប្រទេសចូលរួមប្រកួតលើ ៦វិញ្ញាសា និងប្រភេទកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ីច(Aerobic) នឹងធ្វើការប្រកួតនាថ្ងៃទី១៣-១៤ ខែឧសភាខាងមុខ លើ ៥វិញ្ញាសា។

បន្ទាប់ពីការហ្វឹកហាត់ក្នុងស្រុក និងក្រៅស្រុក ដើម្បីត្រៀមការប្រកួតនេះ លោកមានសុទិដ្ឋិនិយម ចំពោះអត្តពលិកកម្ពុជាថា «យើងដឹងហើយ ប្រភេទកីឡាកាយសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍ សុទ្ធតែជាប្រទេសដែលខ្លាំងៗ ដែលមានអត្តពលិកជើងឯកពិភពលោក និងជាបេក្ខភាព ជម្រុះកម្រិតកីឡាអូឡាំពិកហ្គេម។ ទោះយ៉ាងនេះក្តី បើទោះក្នុងការប្រកួតស៊ីហ្គេមនេះ ម្ចាស់ផ្ទះកម្ពុជានឹងត្រូវជួប្រកួតជាមួយអត្តពលិកខ្លាំងៗក្តី ក៏យើងនៅតែមានសង្ឃឹមថា អត្តពលិកកម្ពុជានឹងធ្វើបានល្អ ដោយបំណែកកំណត់ត្រាថ្មីផងផងដែរ»

គួរដឹងថា មុនឈានដល់ការប្រកួតស៊ីហ្គេមលើទឹកដីរបស់ខ្លួន ក្រុមអត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា បានដណ្ដើមមេដាយជាប្រវត្តិសាស្ដ្រក្នុងស៊ីហ្គេម លើកទី៣១ នៅវៀតណាម សរុប ៤គ្រឿង គឺមេដាយប្រាក់ ៣ និងសំរឹទ្ធ ១ ។ ដូច្នេះសម្រាប់ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា រំពឹងនឹងអាចធ្វើបានល្អជាងនេះ ដើម្បីបើកទំព័រប្រវត្តិសាស្ដ្រលើទឹកដីរបស់ខ្លួនថែមទៀត៕