(ភ្នំពេញ)៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកមកទស្សនាទីតាំងរៀបចំបញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើនជាតិមីយ៉ាន់ម៉ា នៅព្រលប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣នេះ ដែលរៀបចំដោយក្រុមហ៊ុនជីបម៉ុង នៅមុខហ្គ្រេនភ្នំពេញ ជិតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនាទីតាំងបញ្ចាំងស្លាយដែលរៀបចំដោយក្រុមហ៊ុនជីបម៉ុង បានបង្ហាញទឹកមុខសប្បាយរីករាយយ៉ាងខ្លាំង ដែលក្រុមហ៊ុនរៀបចំការបញ្ចាំងស្លាយពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា និងមីយ៉ាន់ម៉ា បើទោះបីជាពួកគាត់មិនបានទៅចូលរួមទស្សនាដោយផ្ទាល់ដ៏ដោយ។

គួរឱ្យដឹងថា ការបញ្ចាំងស្លាយផ្សាយបន្ដផ្ទាល់នៃព្រឹត្ដិការណ៍ស៊ីហ្គេម លើកទី៣២ នៅក្នុងប្រទេសកម្ពុជា បានរីករាលដាល រហូតទៅដល់តាមភូមិ-ឃុំ-ស្រុក។

នេះជាការបង្ហាញពីការគាំទ្រ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចំពោះព្រឹត្ដិការណ៍ស៊ីហ្គេម លើកទី៣២ នៅក្នុងប្រទេសកម្ពុជា ដែលមានរៀបចំបញ្ចាំងស្លាយ តាំងពីថ្នាក់រាជធានី រហូតដល់តាមភូមិ-ឃុំ-ស្រុក។

ការរៀបចំនេះឆ្លើយតបទៅការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលឱ្យអាជ្ញាធររាជធានី-ខេត្ត ទូទាំងប្រទេសរៀបចំការបញ្ចាំងស្លាយផ្សាយបន្ដផ្ទាល់នៃព្រឹត្ដិការណ៍ស៊ីហ្គេម៕