(ភ្នំពេញ)៖ កីឡាការិនីប៊ីយ៉ា និងស្នូកឃ័រដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានសម្រេចក្ដីស្រម៉ៃដណ្ដើមមេដាយមាសជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយយកឈ្នះកីឡាការិនីវៀតណាម Honag Yen Nhi Nguyen ដោយពិន្ទុដ៏ស្វិតស្វាញ ២៥-២០ លើវិញ្ញាសាប៊ីយ៉ាការ៉ុម ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី០៨ ខែឧសភានេះ នៅផ្សារទំនើបអ៊ីអនសែនសុខ ។

ជាមួយជោគជ័យនេះ បានធ្វើឲ្យកីឡាការិនីមានដើមកំណើតពីខេត្តត្បូងឃ្មុំរូបនេះ សម្ដែងការសប្បាយចិត្តជាខ្លាំង រហូតសម្រក់ទឹកភ្នែក បន្ទាប់ពីសម្រេចក្ដីស្រម៉ៃជាង ១០ឆ្នាំ ។ ភាវី លើកឡើងថា ការដណ្ដើមបានមេដាយមាស៊ីហ្គេមនេះ មានអត្ថន័យធំធេងណាស់ សម្រាប់លោកស្រី សម្រាប់ការបើកទំព័រប្រវត្តិសាស្ដ្រលើទឹកដីកម្ពុជា ដែលជាប្រទេសកំណើតរបស់ខ្លួន ។

ស្ដ្រីមានស្វាមីជាជនជាតិកូរ៉េ និងសាងភាពល្បីល្បាញជាង ១ទស្សវត្សន៍លើទឹកដីកូរ៉េរូបនេះ បញ្ជាក់ថា «ខ្ញុំចាប់ផ្ដើមលេងប៊ីយ៉ាការ៉ុមនេះ គឺស្វាមីរបស់ខ្ញុំ និយាយថា ថ្ងៃណាមួយ ខ្ញុំគង់ដណ្ដើមបានមេដាយមាសជូនជាតិ...។ ទោះបីខ្ញុំប្រកួតលើទឹកដីកូរ៉េ ទទួលបានកម្រិតពិភពលោកប៉ុនណាក៏ដោយ អត់ស្មើដូចជាពេលនេះ វេលានេះ ឱកាសនេះ សម្រាប់ជូនប្រជាពលរដ្ឋខ្ញុំទេ ។ ដូច្នេះក្ដីសុបិនរយៈពេល ១០ឆ្នាំ ខ្ញុំបានក្លាយជាការពិតយើង»

សូមបញ្ជាក់ថា បន្ទាប់ពីបង្ហាញវត្តមានលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាមួយការដណ្ដើមបានមេដាយមាស ១គ្រឿង លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) ហើយនោះ ស្រួង ភាវី នៅសល់ ១វិញ្ញាសាទៀត គឺវិញ្ញាសាប៊ីយ៉ាការ៉ុម (១បាំង) ដែលគ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី១២ ខែឧសភាខាងមុខ ៕