(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD គ្រោងពង្រីកទីតាំងផលិត និងដំឡើងរថយន្តរបស់ខ្លួនក្នុងប្រទេសវៀតណាមបន្ថែមទៀត ខណៈដែលកំពុងបង្កការព្រួយបារម្ភជាខ្លាំងដល់ទីផ្សារ រថយន្តអគ្គិសនី VinFast ដែលមានដើមកំណើតវៀតណាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមបានចេញផ្សាយបន្ទាប់ពីកិច្ចិប្រជុំរវាងស្ថាបនិក និងជាប្រធានក្រុមហ៊ុន BYD លោក Wang Chuanfu និង ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Tran Hong Ha បានលើកឡើងថា លោករំពឹងថាទីផ្សារវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ BYD ដើម្បីបំពេញនីតិវិធីវិនិយោគ។

យ៉ាងណាមិញនៅក្នុងសេចក្តីថ្លែងការណ៍ពីសំណាក់រដ្ឋាភិបាលវៀតណាមមិនបានបញ្ជាក់លម្អិត ថាតើការវិនិយោគថ្មីរបស់ BYD នឹងបញ្ចូលទឹកប្រាក់ចំនួនប៉ុន្មានសម្រាប់ការពង្រីកទីតាំងដែលមានស្រាប់នោះទេ។

តាមរយៈរបាយការណ៍ពី Reuters កាលពីខែមករាបានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD ដែលមានដើមកំណើតក្នុងទីក្រុង Xian មានគម្រោងបើករោងចក្របន្ថែមទៀតក្នុងប្រទេសវៀតណាម ដើម្បីផលិតគ្រឿងបន្លាស់រថយន្ត និងមានបំណងនាំចេញគ្រឿងបន្លាស់ទាំងនោះទៅកាន់រោងចក្រដំឡើងដែលគ្រោងនឹងសាងសង់នៅប្រទេសថៃដែលជាប្រទេសជិតខាង៕