(ប៉ារីស)៖ ក្លិបលេងនៅលីគ Ligue 1 បានបញ្ជាក់នៅលើ Twitter ផ្លូវការរបស់ខ្លួន នៅថ្ងៃចន្ទនេះថា កីឡាករអន្តរជាតិអាហ្សង់ទីន វ័យ៣៥ឆ្នាំ បានវិលត្រឡប់ចូលហ្វឹកហាត់វិញ ជាមួយនឹងមិត្តរួមក្រុម PSG បន្ទាប់ពី Messi ត្រូវបានពិន័យ និងព្យួរ ដោយសារធ្វើដំណើរទៅកាន់អារ៉ាប៊ីសាអូឌីត ដោយគ្មានការអនុញ្ញាត។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងការបង្ហោះ ភ្ជាប់ជាមួយនឹងរូបភាពកីឡាករម្ចាស់ពានរង្វាន់ World Cup ក្នុងសម្លៀកបំពាក់ហ្វឹកហាត់នោះ បានសរសេរថា «Leo Messi បានវិលត្រឡប់មកវិញ ក្នុងការហ្វឹកហាត់ នៅព្រឹកថ្ងៃចន្ទនេះ»។ Messi ដែលជាទូតសុឆន្ទៈ របស់អាជ្ញាធរទេសចរណ៍អារ៉ាប៊ីសាអូឌីត បានថតរូបភាពនៅទីក្រុង Riyadh មួយថ្ងៃ បន្ទាប់ពីក្រុមរបស់លោក បានរងការបរាជ័យដ៏ភ្ញាក់ផ្អើល ក្រោមថ្វីជើងក្រុម Lorient។

គួរជម្រាបថា នៅពេលថ្មីៗនេះ Messi មានព័ត៌មានថា នឹងផ្លាស់ទៅលេងនៅលីគ Pro League របស់អារ៉ាប៊ីសាអូឌីត ដោយថា លោកអាចនិងរកបានរហូតដល់ ៣២០លានផោន ក្នុងមួយឆ្នាំ៕