(លីយ៉ុង)៖ ប្រធានក្លិបបាល់ទាត់បារាំង Olympique Lyonnais លោក Jean-Michel Aulas បានលាលែងចេញពីតំណែង បន្ទាប់ពីដឹកនាំបានជាង៣ទសវត្សរ៍ ជាមួយនឹងម្ចាស់ថ្មីរបស់ក្លិប លោក John Textor ត្រូវបានតែងតាំងប្រធាន និងប្រធានប្រតិបត្តិថ្មី។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

សារព័ត៌មានបារាំង L'Equipe បានរាយការណ៍ថា លោក Aulas នៅសល់ពេលវេលា ៣ឆ្នាំទៀត ក្នុងការធ្វើជាប្រធានក្លិប ប៉ុន្តែម្ចាស់ថ្មីរបស់ក្លិបសញ្ជាតអាមេរិក កំពុងផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ក្លិប។

លោក Aulas នឹងនៅបន្តជាប្រធានកិត្តិយសរបស់ក្លិប។ នេះបើតាមការបញ្ជាក់ពីក្លិប ខណៈបានបន្ថែមទៀតថា លោក Textor និងទទួលតំណែងជា CEO ស្តីទី រហូតដល់ពួកគេរកអ្នកថ្មីបាន។ ការសម្រេចនេះ ត្រូវបានធ្វើឡើងនៅអំឡុងពេលកិច្ចប្រជុំមួយដែលធ្វើឡើងកាលពីថ្ងៃសុក្រ។

សូមជម្រាបថា ក្លិប Lyon កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៧ ក្នុងលីគកំពូលបារាំង Ligue 1 ដោយមាននៅសល់ ៤ប្រកួតទៀត ដ្បិតកំពុងរកបាន ៥៦ពិន្ទុបណ្តោះអាសន្ន៕