(ភ្នំពេញ)៖ ក្នុងនាមជាអ្នកស្រលាញ់ និងគាំទ្រអស់ពីចិត្ត យុវតី សុខ ស្រីពៅ បានរង់ចាំតាំងពីព្រឹកដល់យប់ ដើម្បីមានឱកាសថត អោប និងសូមហត្ថលេខា ពីម្ចាស់មេដាយមាស ស្រួង ភាវី នៅទីតាំងប្រកួតសហសាល នៃផ្សារទំនើបអ៉ីអន ២ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

យុវតីវ័យ ១៦ឆ្នាំរូបនេះ បានលើកឡើងថា ពេលព្រឹកនាងចង់ទស្សនាផ្ទាល់នៅសហសាលប្រកួត ប៉ុន្តែគេថាកន្លែងពេញហើយ មិនអាចចូលបាននោះទេ។ បន្ទាប់មក រសៀលឡើងនាងបន្តរង់ចាំ ប៉ុន្តែនៅតែគ្មានឱកាសបានឃើញនិមិត្តរូបខ្លួន លេងដោយផ្ទាល់ដដែល មុននឹងបានសម្រេចបំណងក្រោយពិធីបំពាក់មេដាយ នៅយប់ថ្ងៃដដែល។

ពេលបានថត អោប និងហត្ថលេខា ពីកីឡាការិនីឆ្នើម ស្រីពៅ រំភើបរហូតដល់ស្រក់ទឹកភ្នែក។ សូម្បីមុនពេលសម្ភាសជាមួយភ្នាក់ងារ Fresh News ក៏នាងនៅតែហូរទឹកភ្នែកដែរ ទម្រាំទប់អារម្មណ៍បាន និងនិយាយបានវិញ។

សុខ ស្រីពៅ ដែលខំស្កាត់ពីបឹងស្នោរ បានបន្ថែមថា ខ្លួនបានពេញចិត្តនឹង ស្រួង ភាវី ដោយសារកីឡាការិនីរូបនេះ តែងតែលើកឡើងពីខ្មែរ និងណែនាំឲ្យគេស្គាល់ពីខ្មែរ មិនថាគាត់ប្រកួតនៅបរទេស និងនៅកម្ពុជានោះទេ។ ម្យ៉ាងវិញទៀត ស្រួង ភាវី តែងតែលើកទឹកចិត្តដល់មនុស្សស្រីឲ្យមានភាពក្លាហាន និងរាំងមាំជានិច្ច។

សូមជម្រាបថា កីឡាការិនី ស្រួង ភាវី បានឈ្នះមេដាយមាស បន្ទាប់ពីយកឈ្នះវៀណាម Honag Yen Nhi Nguyen យ៉ាងស្វិតស្វាញនៃលំដាប់ពិន្ទុ ២៥-២០ នៅវគ្គផ្តាច់ព្រ័ត្រ នៃវិញ្ញសាកីឡាប៊ីយ៉ាការ៉ុម ៣បាំង ក្នុងព្រឹត្តិការណ៍កីឡាស៉ីហ្គេម ២០២៣៕