(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចេញនូវសេចក្ដីថ្លែងការណ៍ ប្រកាសគាំទ្រទាំងស្រុង ចំពោះលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការបន្ដដឹកនាំសហព័ន្ធ ស្របតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាទាំងអស់ ។

យោងតាមសេចក្ដីថ្លែងកាករណ៍ចុះហត្ថលេខាដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នេះ «គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃ និងសមិទ្ធផលធំៗ របស់សហព័ន្ធកីឡាបាល់ទាត់ ដែលបានធ្វើឲ្យវិស័យកីឡាបាល់ទាត់កាន់តែមានប្រជាប្រិយភាព ការគាំទ្រយ៉ាងអធឹកអធម និងមានការរីកចម្រើនគុណផលកីឡាគួរជាទីមោទនៈ ។ សូមគោរពជូនពរឯកឧត្តមនាយឧត្តមសេនីយ៍ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលបាននូវសុខភាពល្អ បរិបូណ៍ កម្លាំងពលាំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំវិស័យកីឡាកម្ពុជាបន្ដឆ្ពោះទៅរកឧត្តមភាព និងជោគជ័យបន្ថែមទៀត»

សូមរំលឹកថា លោកនាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសលាលែងពីតំណែងប្រធានសហព័ន្ធ ក្រោយក្រុមជម្រើសជាតិ U22 កម្ពុជា បរាជ័យក្រោមថ្វីជើងក្រុម U22 មីយ៉ាន់ម៉ា ២-០ ក្នុងប្រកួតទី៣ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ពូល A ។ លុះនៅរសៀលថ្ងៃទី០៨ ខែឧសភាម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារសំឡេងអំពាវនាវសុំឲ្យ នាយឧត្តមសេនីយ៍ សៅ សុខា ឲ្យបន្ដដឹកនាំការងារនេះតទៅមុខទៀត ដោយសម្ដេចបានកត់សម្គាល់ឃើញថា ចាប់តាំងពីលោកនាយឧត្តមសេនីយ៍ ទទួលបានតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើឲ្យកីឡាបាល់ទាត់កម្ពុជា មានការរីកចម្រើនឈានឡើងជាលំដាប់ បើទោះបីការលេងមានលទ្ធផលមិនទាន់ដូចការចង់បានយ៉ាងណាក្ដី ។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា បច្ចុប្បន្នកីឡាបាល់ទាត់កម្ពុជា បានដើរចេញឆ្ងាយពីចំណុចដែលយើងមិនទាន់មានកាលពីពេលមុន។ សម្ដេចបានបញ្ជាក់ទៀតថា មានប្រទេសច្រើនណាស់ ដែលកីឡាបាល់ទាត់មិនអាចទទួលបានលទ្ធផលល្អ បើទោះបីប្រទេសនោះ មានប្រជាជនដល់ជាង១ពាន់លាននាក់ រាប់រយលាននាក់ ក៏បាល់ទាត់របស់គេមិនខ្លាំងនោះដែរ ខណៈកម្ពុជាមានប្រជាជនជាង១៧លាននាក់ យើងធ្វើបានកម្រិតនេះ គឺជាការល្អណាស់ហើយសម្រាប់ប្រជាជនកម្ពុជា ។

ជាការឆ្លើយតបនៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ដដែលនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានគោរពតាមការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីបន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដដែលផងដែរ ៕