(ភ្នំពេញ)៖ លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា គិតមកដល់ពេលនេះក្រុមកម្ពុជា ដែលប្រកួតក្នុងប្រភេទកីឡាអុកចត្រង្គ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដណ្តើមបានមេដាយ ៦គ្រឿងហើយ ដោយមានមេដាយមាស ១គ្រឿង, ប្រាក់ ៤ និងសំរឹទ្ធ ១គ្រឿង ក្នុងចំណោម ៧វិញ្ញាសាដោយមាន ៧ប្រទេសចូលរួម ដែលការប្រកួតធ្វើឡើងនៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា «នេះជាលើកដំបូងសម្រាប់វិញ្ញាសាអុកចត្រង្គ ក្នុងចូលរួមប្រកួតកីឡាស៊ីហ្គេម ដ្បិតធ្លាប់តែប្រកួតជាលក្ខណៈមិត្តភាពដែលមិនជាផ្លូវការ ខណៈនេះជាលើកទី១ របស់យើង នាមជាម្ចាស់ផ្ទះនេះ ហើយនេះជាបទពិសោធន៍លើកទី១ សម្រាប់កីឡាករ-កីឡាការិនីយើង។

ចំពោះលទ្ធផលការប្រកួតដែលទទួលបាននាពេលនេះ លោកបានឲ្យដឹងថា ពិតជាសប្បាយរីករាយ ដោយវិញ្ញាសាផ្នែកបុរសទទួលបានមេដាយគ្រប់វិញ្ញាសា ដោយឡែកកីឡាការិនីនេះជាលើកដំបូង ជាមួយការហ្វឹកហាត់មានការជឿនលឿន ប៉ុន្តែបើធៀបទៅខាងប្រទេសផ្សេងៗ គេមានបទពិសោធន៍ប្រកួតអុកអន្តរជាតិ ដូចជាអុកចិន ជាដើម។

លោកបន្តទៀតថា នៅពេលខាងមុខប្រទេសដែលបានចូលរួមកីឡាស៊ីហ្គេម២០២៣ ទាំង ៦ប្រទេស បានសន្យាថា និងរួមគ្នាធ្វើឲ្យកីឡាអុកចត្រង្គ ឲ្យបានស្គាល់ច្រើនឆាកអន្តរជាតិ ហើយប្រសិនជាអាចប្រទេសនិមួយៗ នឹងរៀបចំឲ្យមានការប្រកួតអុកចត្រង្គ សម្រាប់ប្រកួតនៅក្នុងវិញ្ញាសានៅពេលខាងមុខដែលពួកគេធ្វើជាម្ចាស់ផ្ទះ។

ដោយឡែងកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បន្តថានិងធ្វើឡើងទៅតាមគោលការណ៍អន្តរជាតិ លុះត្រាប្រទេសថៃ ដែលជាម្ចាស់ផ្ទះ សម្រេចដាក់វិញ្ញាសានេះ ដើម្បីឲ្យប្រទេសផ្សេងៗ ចូលរួមឲ្យប្រកួតជាលក្ខណៈអន្តរជាតិបាន ដោយត្រូវការ ៤ប្រទេសចូលរួម។

លោកបន្តថា សម្រាប់បណ្តាប្រទេសដែលបានគាំទ្រចូលរួមលេងលើវិញ្ញាសាកីឡាអុកចត្រង្គ ដែលជាកីឡាប្រពៃណីជាខ្មែរ ក្នុងការប្រកួតទោះបីជាលើទី១ មានបញ្ហាកើតឡើងតិចតួចនៅក្នុងកីឡា ប៉ុន្តែយើងបានដោះស្រាយគ្នាដោយការយោគយល់ ដោយមិត្តភាព តម្លាភាព ធ្វើឲ្យការប្រកួតនេះរលូនទៅយ៉ាងបានល្អ រហូតធ្វើឲ្យបានលទ្ធផលបញ្ចប់។

ជាចុងក្រោយប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា សូមអរគុណដល់រាជរដ្ឋាភិបាល មានសម្តេចតេជោ ជាប្រមុខ និងគណៈកម្មការ CAMSOC និងក្រសួងអប់រំ ដែលធ្វើឲ្យវិស័យកីឡាមានការផុសផុលឡើង ក្រោយព្រឹត្តិការណ៍នេះ សង្ឃឹមថាមានគេស្គាល់ច្រើនលើកឆាកអន្តរជាតិ។

រំលឹកផងថា ក្នុងចំណោម ៧វិញ្ញាសាលើប្រភេទកីឡាអុកចត្រង្គ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣នៅកម្ពុជា គឺមានអត្តពលិកជិត ១០០នាក់ មកពី ៧ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា, ថៃ, វៀតណាម, ហ្វីលពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, និងឡាវ ដោយក្រុមជម្រើសជាតិកម្ពុជា មានអត្តពលិក កីឡាករ-កីឡាការិនី ១២នាក់ (នារី ២នាក់)។

ដោយជាលទ្ធផលក្រុមម្ចាស់ផ្ទះកម្ពុជា រកបានមេដាយមាស ១គ្រឿង, ប្រាក់ ៤គ្រឿង និងសំរឹទ្ធ ១គ្រឿង គឺមានវិញ្ញាសាឯកត្តជនបុរស ៥នាទី កីឡាករកម្ពុជា សុខ លឹមហេង ទទួលបានមេដាយមាស, កីឡាករ សំ កក្កដា យកបានមេដាយប្រាក់ វិញ្ញាសា ៦០នាទី, កីឡាករ នូ ចាន់ផានិត មេដាយសំរឹទ្ធ (វិញ្ញាសា ៥នាទី), ហើយវិញ្ញាសាបុរស ៤នាក់ ទល់ ៤នាក់ ៦០នាទី ក្រុមកម្ពុជា ទទួលបានមេដាយប្រាក់ និងការប្រកួតវិញ្ញាសា ៣នាក់ យកបានមេដាយប្រាក់, វិញ្ញាសា ២នាក់ បានមេដាយប្រាក់។

ខាងក្រោមនេះជាកិច្ចសម្ភាសន៍ជាមួយសាព័ត៌មាន Fresh News ក្រោយបិតបញ្ចប់ការប្រកួតលោក គុជ គឹមឡុង បានបន្តឲ្យដឹងថា ការប្រកួតមាន ៧វិញ្ញាសា ដោយមានវិញ្ញាសាផ្នែកនារី មិនមានទទួលបានមេដាយនោះទេ ដោយទើបមានបទពិសោធន៍ថ្មី ក្នុងការចូលមកជម្រើសជាតិ នៃកីឡាស៊ីហ្គេមនេះ៕