(បរទេស)៖ សែស្រឡាយភាពយន្ត «A Game of Thrones» និង «Stranger Things» របស់ Netflix គឺស្ថិតក្នុងចំណោមរឿងខ្នាតធំ ដែលត្រូវបញ្ឈប់ការផលិត ខណៈដែលកូដកម្មរបស់អ្នកនិពន្ធហូលីវូដ បានផ្ទុះឡើង និងឈានចូលដល់សប្តាហ៍ទីពីររបស់ខ្លួន ក្រោយពីបរាជ័យក្នុងការសម្រេច កិច្ចព្រមព្រៀងពលកម្មថ្មី ជាមួយការទទួលបានប្រាក់កម្រៃខ្ពស់ជាងមុន ពីផលិតកម្មធំៗនៅហូលីវូដ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Daily Mail នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

ខ្សែភាពយន្តរបស់ Marvel «Blade» ដែលគ្រោងបញ្ចេញនៅឆ្នាំ២០២៤ ហើយកម្មវិធី Apple TV+ «Severance» ក៏ត្រូវបញ្ចប់ការផលិតផងដែរ ដោយសារតែកូដកម្មពីសំណាក់ផលិតកម្មហូលីវូដ។ ទន្ទឹមគ្នានេះ ការនិពន្ធអត្ថបទរឿងនៃភាពយន្តភាគ «The Handmaid's Tale» បានសម្រេចរួចរាល់សម្រាប់ភាគដំបូងៗ នៃរដូវកាលថ្មី មុនការថតដែលគ្រោងចាប់ផ្អើមនៅចុងរដូវក្ដៅ។ ប៉ុន្តែការនិពន្ធអត្ថបទរឿងនៃភាពយន្តភាគនេះ ត្រូវបានបញ្ឈប់នៅពេលដែលសមាគមន៍អ្នកនិពន្ធអាមេរិក ហៅកាត់ថា WGA បាននាំគ្នាធ្វើកូដកម្មឈប់ធ្វើការកាលពីសប្ដាហ៍កន្លងទៅ។

សមាគមន៍អ្នកនិពន្ធអាមេរិក បានចាប់ផ្ដើមធ្វើកូដកម្មឈប់ធ្វើការកាលពីថ្ងៃទី២ ខែឧសភា ក្រោយពីបរាជ័យក្នុងការសម្រេច កិច្ចព្រមព្រៀងពលកម្មថ្មីជាមួយការទទួលបាន ប្រាក់កម្រៃខ្ពស់ជាងមុនពីផលិតកម្មធំៗនៅហូលីវូដ។ គេសង្កេតឃើញថា កូដកម្មនេះបាននាំឲ្យមានការផ្អាក ការចាក់ផ្សាយកម្មវិធីទូរទស្សន៍ជាច្រើន រួមជាមួយការផ្អាកផលិតភាពយន្តមួយចំនួនផងដែរ។

ទោះជាបែបនេះក្តី គេមិនទាន់ដឹងនៅឡើយទេថា ពេលណាទើបកូដកម្មមួយនេះបានបញ្ចប់ ខណៈបានអូសបន្លាយពេលច្រើនថ្ងៃមកហើយ ត្បិតបច្ចុប្បន្នកូដកម្មកំពុងបន្តនៅដដែល៕