(ភ្នំពេញ)៖ ការប្រកួតកីឡាអុកចត្រង្គអាស៊ីអាគ្នេយ៍លើកទី៣២ ដោយកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រកបានមេដាយចំនួន ៦គ្រឿង, ក្នុងនោះមេដាយមាសចំនួន១ មេដាយប្រាក់៤ និងមេដាយសំរិទ្ធ១។ នេះបើតាម លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានឲ្យដឹងនៅថ្ងៃបិតបញ្ចប់ការប្រកួតនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ ដែលការប្រកួតធ្វើឡើងនៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក គុជ គឹមឡុង បានឱ្យដឹងបន្តថា ប្រទេសថៃ ទទួលបានមេដាយចំនួន ៥គ្រឿង តែមានមេដាយមាសចំនួន៤ និងមេដាយសំរឹទ្ធ១ ខណៈប្រទេសវៀតណាមទទួលបានមេដាយចំនួន១០ ក្នុងនោះមេដាយ មាសចំនួន២ មេដាយប្រាក់១ និងមេដាយសំរិទ្ធ៧។

រីឯប្រទេហ្វីលីពិន ទទួលបានមេដាយចំនួន៣ ក្នុងនោះមានមេដាយប្រាក់២ និងមេដាយសំរិទ្ធ១។ ដោយឡែកប្រទេសមីយ៉ាន់ម៉ា ទទួលបានមេដាយចំនួន២ គឺមេដាយសំរិទ្ធទាំងពីរ ស្របពេល ឡាវ និងម៉ាឡេស៊ី មិនទទួលបានមេដាយនោះទេ។

លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានថ្លែងថា «បន្ទាប់ពីបានធ្វើការប្រកួតអស់រយៈពេល ១០ថ្ងៃកន្លងមកនេះ បើទោះបីជាបញ្ហាបច្ចេកទេសនៅក្នុងការប្រកួត ដោយសារកម្ពុជា ដាក់ប្រភេទកីឡានេះប្រកួតជាលើកដំបូង ប៉ុន្តែបានដោះស្រាយគ្នាប្រកបដោយ តម្លាភាព ភាតរភាព និងការយោគយល់គ្នានៅក្នុងបច្ចេកទេសកីឡា ស្របតាមអនុសាសន៍ណែនាំពីសម្តេចតេជោហ៊ុន សែន។

សូមជម្រាបថា ការប្រកួតកីឡាអុកចត្រង្គ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅរាជធានីភ្នំពេញ បានចាប់ផ្តើមប្រកួត ចាប់តាំងពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣៕