(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគល់មេដាយជូនកីឡាករ កីឡាការិនី ជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ ប្រភេទកីឡាទូកក្តោង នៅពយតាមូង (ទីលានតេជោ) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីកីឡាករ កីឡាការិនី ចំនួន៦ប្រទេស សរុបចំនួន៥៣នាក់ គណៈកម្មការបច្ចេកទេស គ្រូបង្វឹក។

ក្នុងពិធីបិទការប្រកួតនោះ លោក គួច ចំរើន តាងនាមឲ្យរដ្ឋបាលខេត្តព្រះសីហនុ ចូលរួមអបអរសាទរ កីឡាករ កីឡាការិនីជ័យលាភី ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ ប្រភេទកីឡាទូកក្តោង នាឱកាសដ៏វិសេសវិសាលនេះ។

អភិបាលខេត្ត បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិ អន្តរជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAME) លើកទី៣២ និងសហព័ន្ធកីឡាទូកក្តោង និងគណៈប្រតិភូកីឡា ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេស ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានាធ្វើឲ្យដំណើរការ នៃការប្រកួតកីឡាទូកក្តោងប្រព្រឹត្តទៅកាន់តែមានសុក្រឹតភាព និងទទួលបាននូវលទ្ធផលជាវិជ្ជមាន។

ព្រឹត្តិការណ៍ប្រកួតនេះ ធ្វើឡើងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមប្រកួតពីកីឡាករ កីឡាការិនី ចំនួន៥៣រូប មកពីប្រទេសចំនួន៦ ក្នុងតំបន់អាស៊ានមានដូចជា កម្ពុជា ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន ថៃ និងវៀតណាម ដោយបែងចែកជា៩ប្រភេទវិញ្ញាសារួមមាន៖

*១៖ វិញ្ញាសា Windsurfing RS:One មាន ៥ប្រទេស (កម្ពុជា, ថៃ, សឹង្ហបុរី, ម៉ាឡេស៊ី និងហ្វីលីពីន)
*២៖ វិញ្ញាសា windsurfing RS:X មាន ៤ប្រទេស (កម្ពុជា, ថៃ, សឹង្ហហបុរី និងម៉ាឡេស៊ី)
*៣៖ វិញ្ញាសា WindFoil IQ:Foil Open មាន ៤ប្រទេស (កម្ពុជា, ថៃ និងហ្វីលីពីន)
*៤៖ វិញ្ញាសា WindFoil IQ:Foil Youth មាន ៣ប្រទេស (កម្ពុជា, ថៃ និងហ្វីលីពីន)
*៥៖ វិញ្ញាសា ILCA7 មាន ៦ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី,ម៉ាឡេស៊ី, វៀតណាម និងហ្វីលីពីន)
*៦៖ វិញ្ញាសា ILCA6 មាន ៥ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី, ម៉ាឡេស៊ី និងវៀតណាម)
*៧៖ វិញ្ញាសា ILCA4 មាន ៦ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី, ម៉ាឡេស៊ី, វៀតណាម និងហ្វីលីពីន)
*៨៖ វិញ្ញាសា Optimist Mix មាន ៥ប្រទេស (កម្ពុជា, ថៃ,សឹង្ហបុរី, ម៉ាឡេស៊ី និងហ្វីលីពីន)
*៩៖ វិញ្ញាសា 29er Open មាន ៥ ប្រទេស (កម្ពុជា, ថៃ, សឹង្ហបុរី, ម៉ាឡេស៊ី និងវៀតណាម)។

អភិបាលខេត្ត បញ្ជាក់ថា សម្តេចតេជោ បានសម្រេចមិនយកថ្លៃហូបចុក ការស្នាក់នៅ ចំពោះប្រតិភូកីឡា និងមិនយកថ្លៃសំបុត្រចូលទស្សនា ដែលជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកីឡាស៊ីហ្គេម។ ទាំងនេះបានបង្ហាញថា «កម្ពុជាប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្តែបេះដូងធំទូលាយជាងមហាសមុទ្រទៅទៀត» ជាពិសេសដែលត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ផ្តល់ជូននូវមេដាយមរតកអូឡាំពិកអន្តរជាតិ៕