(ភ្នំពេញ)៖ ក្រុមកីឡាវាយសីកម្ពុជា បានឈានវគ្គដណ្ដើមមេដាយមាសជូនជាតិ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោយយកឈ្នះក្រុមជម្រើសជាតិឡាវ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣-២ លើវិញ្ញាសាក្រុមចម្រុះ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

សម្រាប់វិញ្ញាសាក្រុមចម្រុះនេះ ប្រកួតទី១ វិញ្ញាសាគូបុរស-នារី ក្រុមកម្ពុជា មានកីឡាករ យាំ សំណាង និងកីឡាករ ទាវ សៀវទី បានប្រកួតចាញ់ក្រុមឡាវទាំងប្រផិតប្រផិតប្រផើយ ២-០ (សិត) ក្នុងពិន្ទុ ២២-២០ និង ២២-២០ ។

ប៉ុន្ដែប្រកួតទី២ វិញ្ញាសាឯកត្តជនបុរស កីឡាករកម្ពុជា សុខ រីករាយ បានយកឈ្នះកីឡាករឡាវ ២-១ (សិត) និងប្រកួតទី៣ វិញ្ញាសាឯកត្តជននារី កីឡាការិនីកម្ពុជា ជួង ម៉េង បានយកឈ្នះកីឡាការិនីឡាវ ២-០ (សិត) ។ លុះដល់ប្រកួតទី៤ វិញ្ញាសាគូបុរស ក្រុមកម្ពុជា បានចាញ់ក្រុមឡាវវិញ ០-២ (សិត) វិញ ដែលនាំឲ្យវិញ្ញាសានេះ ឈានដល់ការប្រកួតទី៥ វិញ្ញាសាគូនារី ដើម្បីកាត់សេចក្ដី ដោយក្រុមកម្ពុជា បានយកឈ្នះឡាវ ២-០ (សិត) ដើម្បីធានាជ័យជម្នះ និងឡើងវគ្គផ្ដាច់ព្រ័ត្រតែម្ដង ។

សរុបលទ្ធផលក្រុមកម្ពុជា បានយកឈ្នះក្រុមឡាវ ក្នុងលទ្ធផល ៣-២ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ និងត្រៀមប្រកួតប្រជែងដណ្ដើមមេដាយមាសជូនជាតិ ដោយត្រូវជួបក្រុមមីយ៉ាន់ម៉ា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕