(ភ្នំពេញ)៖ ម្ចាស់មេដាយសំរឹទ្ធអុកចត្រង្គរបស់ថៃ បានលើកឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះថា ប្រជាពលរដ្ឋកម្ពុជា រួសរាយរាក់ទាក់ណាស់ ហើយចំពោះការរៀបចំស៉ីហ្គេម ២០២៣ ក៏កម្ពុជាធ្វើបានល្អ។

កីឡាការិនីថៃរូបនេះ បានសម្តែងការពេញចិត្តនៅពេលឃើញការគោរពស្រលាញ់ពីមហាជនកម្ពុជា ហើយជាពិសេសនោះតែងតែសូមនាងថតរូបជាមួយ។ នាងលើកឡើងថា ការសូមថតពីមនុស្សជាច្រើន គឺជារឿងទីមួយដែលនាងឃើញក្នុងជីវិត។

បើតាមម្ចាស់មេដាយសំរឹទ្ធអុកចត្រង្គ មិនត្រឹមតែសរសើរពីមនុស្សទេ សូម្បីការរៀបចំអាហារទទួលភ្ញៀវ និងការធ្វើបដិសណ្ឋារកិច្ចរបស់ម្ចាស់ផ្ទះ ក៏បានល្អដែរ។

ការប្រកួតកីឡាអុកចត្រង្គអាស៊ីអាគ្នេយ៍លើកទី៣២ ដោយកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រកបានមេដាយចំនួន ៦គ្រឿង, ក្នុងនោះមេដាយមាសចំនួន១ មេដាយប្រាក់៤ និងមេដាយសំរិទ្ធ១។ នេះបើតាម លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានឲ្យដឹងនៅថ្ងៃបិទបញ្ចប់ការប្រកួតនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ការប្រកួតកីឡាអុកចត្រង្គ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅរាជធានីភ្នំពេញ បានចាប់ផ្តើមប្រកួត ចាប់តាំងពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

ប្រទេសថៃ ទទួលបានមេដាយចំនួន ៥គ្រឿង។ មេដាយមាសចំនួន៤ និងមេដាយសំរឹទ្ធ១៕