(ភ្នំពេញ)៖ ក្មេងប្រុសម្នាក់អាយុ១១ឆ្នាំ ឈ្មោះ មករា ហេងលី បានបង្ហាញមោទនភាពដែលបានឃើញវិស័យកីឡារបស់ប្រទេសកម្ពុជា មានការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។ ក្មេងប្រុសរូបនេះ បានអះអាងថា កត្តាដែលធ្វើឲ្យវិស័យកីឡាកម្ពុជារីកចម្រើនដូចពេលបច្ចុប្បន្ននេះ គឺដោយសារប្រទេសកម្ពុជាមានសុខសន្ដិភាព។

ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ ពេលកំពុងត្រៀមទស្សនាការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិនារី ក្មេងប្រុស មករា ហេងលី បានអះអាងថា អតីតកាលដោយសារកម្ពុជាជួបវិបត្តិភ្លើងសង្គ្រាម ទើបធ្វើឲ្យវិស័យកីឡាមិនសូវមានការរីកចម្រើន ប៉ុន្ដែបច្ចុប្បន្នមិនដូចពេលមុនទៀតឡើយ។

ក្រៅពីការបង្ហាញនូវមោទនភាព កុមារាហេងលី ក៏មានក្ដីស្រម៉ៃចង់ក្លាយជាកីឡាករបាល់ទាត់របស់ជម្រើសជាតិកម្ពុជាផងដែរ នៅពេលធំពេញវ័យ។

កុមារាដែលទើបសិក្សាថ្នាក់ទី៥ ក៏បានផ្ញើសារជូនពរដល់ក្រុមបាល់ទាត់ជម្រើសជាតិនារីរបស់កម្ពុជា ដែលត្រៀមប្រកួតនៅពេលបន្ដិចទៀតនេះ ឲ្យទទួលបានជ័យជម្នះដើម្បីឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្ដដណ្ដើមជោគជ័យនៅវគ្គផ្ដាច់ព្រ័ត្រផងដែរ ដើម្បីក្លាយជាម្ចាស់មេដាយមាស៕