(បារាំង)៖ ពិតជាធ្វើឲ្យអ្នកគាំទ្រក្នុងស្រុកភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញតារាសម្តែងស្រីដ៏មានប្រជាប្រិយរបស់ខ្មែរ តំណាងឲ្យប្រទេសកម្ពុជា គឺតារាសម្ដែងកញ្ញា ស៊ីន យូប៊ីន បង្ហាញខ្លួន នៅក្នុងកម្មវិធីសិល្បៈកម្រិតពិភពលោកដ៏ល្បី គឺព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន លើកទី៧៦ នៅប្រទសបារាំង។ តារាសម្ដែងរូបនេះ បានបង្ហាញសម្រស់ដ៏ទាក់ទាញ ជាមួយរូបវែងអូសដី ទឹកមុខមានមន្តស្នេហ៍ ដើរលើកម្រាលព្រំក្រហម យ៉ាងអង់អាចក្លាហាន។

មហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន ជាកន្លែងប្រមូលផ្តុំតារាភាពយន្តគ្រប់ជាតិសាសន៍ និងការចាក់បញ្ចាំងខ្សែភាពយន្ត មកពីគ្រប់ទិសទីក្នុងពិភពលោក បានចាប់មានសកម្មភាពមមាញឹកសារជាថ្មី បន្ទាប់ពីធ្លាក់ថមថយចុះសកម្មភាពមួយរយៈ ដោយសារវិបត្តិកូវីដ។ កម្មវិធីនេះ ត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍សិល្បៈខ្នាតធំមួយរបស់ពិភពលោក ដែលប្រារព្ធជារៀងរាល់ឆ្នាំ។

ងាកមកវត្តមានរបស់តារាសម្ដែងកម្ពុជា ស៊ីន យូប៊ីន នៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានគេចាត់ទុកថា ធ្វើឲ្យរូបនាងក្លាយជាតារស្រីរបស់ខ្មែរតែម្នាក់គត់ ចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន លើកទី៧៦នេះ លំដាប់ពិភពលោកមួយនេះ ដែលកម្រនឹងមានតារាខ្មែររូបណា មានឱកាសចូលរួមណាស់។

គួរជម្រាបថា តារាសម្ដែងកញ្ញា ស៊ីន យូប៊ីន មួយរយៈចុងក្រោយនេះ ទស្សនិកជនសង្កេតឃើញថា បានបង្ហាញខ្លួននៅក្នុងកម្មវិធីសិល្បៈ លំដាប់ថ្នាក់ពិភពលោកជាបន្តបន្ទាប់ ជាពិសសថ្មីៗនេះ នាងបានចូលរួមកម្មវិធីរបស់ប្រេនល្បី CK នៅបរទេស ដែលប្រមូលផ្តុំសុទ្ធដឹងតែជាតារាល្បី ដូចជា Jennie សមាជិក្រុមចម្រៀងល្បី BLACKPINK និងតារាល្បីៗជាច្រើនទៀតផងដែរ៕