(ភ្នំពេញ)៖ លោក យី វាសនា អគ្គលេខាធិការគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMAPGOC) បានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ ដើម្បីទទួលរៀបចំការប្រកួតកីឡាជនពិការប្រចាំតំបន់អាស៊ាននេះ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ បានបញ្ចប់ដោយជោគជ័យដ៏ត្រចះត្រចង់ កាលពីរាត្រីថ្ងៃទី១៧ ខែឧសភាម្សិលមិញ ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបសំណេះសំណាល និងលើកទឹកចិត្តរបស់លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអនុប្រធាន CAMAPGOC នៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នេះ ។

មន្ដ្រីបច្ចេកទេសខាងលើ បានបញ្ជាក់ថា ក្រោយស៊ីហ្គេម ថ្ងៃនេះគឺជាការចាប់ផ្ដើមកសាង ក៏ដូចជាប្រមូលកម្លាំងសរុប ដើម្បីត្រៀមរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឲ្យទទួលបានជោគជ័យ ដូចសមិទ្ធផលដែលសម្រេចបានដ៏អស្ចារ្យក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកដំបូងនៅកម្ពុជា កាលពីថ្មីៗ ។

លោកបន្ដថា សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅរាជធានីភ្នំពេញ នាដើមខែក្រោយ គឺមានកីឡា ១៣ប្រភេទ បូករួមទាំងកីឡាអេឡិចត្រូនិក(E-Sport) ដោយមានការចូលរួមពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត ។ បច្ចុប្បន្នមានអត្តពលិកប្រមាណ ១,៤០០នាក់ រួមទាំងប្រិតភូ និងថ្នាក់ដឹកនាំប្រមាណ ១,៥០០នាក់ហើយ ដែលបានចុះឈ្មោះរួចរាល់ ក្នុងនោះក៏មានកីឡាករ-កីឡាការិនីកម្ពុជា ២៣៦នាក់ផងដែរ ។

ដើម្បីរួមចំណែកជំរុញឲ្យការប្រកួតកីឡាជនមានពិការភាពនេះ ប្រព្រឹត្តទៅដោយរលូន ឆ្ពោះទៅរកជោគជ័យប្រវត្តិដែលនោះ គណៈកម្មការអ្នកស្ម័គ្រចិត្ត នៃគណៈកម្មាធិការជាតិ CAMAPGOC បានត្រៀមយុវជនស្ម័គ្រចិត្តប្រមាណ ២,៥០០នាក់ ដើម្បីសម្រួលដល់ការងារទទួលបដិសណ្ឋារកិច្ច និងសេវាផ្សេងៗ ដល់ប្រតិភូ និងអត្តពលិកជនពិការគ្រប់បណ្ដាប្រទេស ដែលនឹងមកចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក យី វាសនា ៕