(ភ្នំពេញ)៖ មុន និងក្រោយពិធីបិទការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គេឃើញប្រតិភូ និងអត្តពលិកបណ្ដាប្រទេសអាស៊ាន ដែលបានចូលរួមប្រកួតព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ដ្រនៅកម្ពុជា បានត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញជាហូរហែ ជាក់ស្ដែងនៅថ្ងៃទី១៨ ខែឧសភានេះ មានប្រតិភូ និងអត្តពលិកចំនួន ៥៨៩នាក់ លើ ១៨ប្រភេទកីឡា ស្មើនឹង ៩ប្រទេស(មានមីយ៉ាន់ម៉ា, ទីម័រខាងកើត, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ប្រ៊ុយណេ, ថៃ, សិង្ហបូរី, វៀតណាម និងឡាវ) រួមទាំងមន្ដ្រីបច្ចេកទេសអន្ដរជាតិ បានបន្ដចាកចេញពីកម្ពុជា ។

អ្វីដែលគួរឲ្យកត់សម្គាល់ មុនចាកចេញពីប្រទេសដ៏ស្រស់ស្អាត ប្រកបដោយស្នាមញញឹម និងភាពរួសរាយរាក់ទាក់នេះ គេឃើញប្រតិភូ អត្តពលិក និងមន្ដ្រីបច្ចេកទេសទាំងអស់ ដែលបានចូលរួមប្រកួត ក៏ដូចជាចូលរួមរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក៏បានបង្ហាញនូវស្នាមញញឹមលាគ្នាជាមួយក្រុមការងារពិធីការ និងក្រុមយុវជនស្ម័គ្រចិត្តកម្ពុជា ប្រកបដោយអត្ថន័យ និងការចងចាំដ៏ល្អបំផុត បន្ទាប់ពីពួកគេបានបំពេញបេសកកម្មប្រកបដោយភាពកក់ក្ដៅ ដែលទទួលស្វាគមន៍ដោយម្ចាស់ផ្ទះកម្ពុជាជាច្រើនថ្ងៃផងដែរ ។

ជាមួយដំណើរមាតុភូមិនិវត្តន៍របស់បណ្ដាភ្ញៀវខាងលើ ដោយមានការសម្របសម្រួលពីក្រុមការងារពិធិការ នៃគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាក្រុមយុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធ បានធ្វើឲ្យការធ្វើដំណើរ ចាប់ពីកន្លែងស្នាក់នៅ តាំងពីភូមិកីឡា ក៏ដូចជាសណ្ឋាគារនានាក្នុងរាជធានីភ្នំពេញ រហូតដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដោយមានការសម្របសម្រួលឯកសារផ្សេងៗ មិនមានការរាំងស្ទះ ឬយឺតយ៉ាវ បានធ្វើឲ្យប្រតិភូ ក៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់ កាន់តែសប្បាយរីករាយ និងមានមោទនភាពចំពោះកម្ពុជាថែមទៀត ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ដោយមានប្រតិភូ និងអត្តពលិកសរុប ៨,៧២៥នាក់ មកពី ១១ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមប្រកួតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កំពត និងខេត្តកែប ខណៈរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនត្រូវឲ្យមានការបង់ថ្លៃស្នាក់នៅ-ហូបចុក ក៏ដូចជាការធ្វើដំណើរឡើយ ។ កំឡុងពេលស្នាក់នៅកម្ពុជា តាមរយៈកិច្ចសម្ភាសន៍របស់សារព័ត៌មានជាតិ និងអន្ដរជាតិ ប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេស សុទ្ធតែបានកោតសរសើរ និងថ្លៃអំណរគុណជាខ្លាំង ចំពោះការទទួលបដិសណ្ឋារកិច្ច និងការរៀបចំស៊ីហ្គេមបានយ៉ាងល្អបំផុតរបស់ម្ចាស់ផ្ទះកម្ពុជា ៕