(ភ្នំពេញ)៖ ពលរដ្ឋកម្ពុជារស់នៅក្នុងប្រទេសជប៉ុន អាចផ្ញើប្រាក់ទៅស្រុកកំណើតកាន់តែងាយស្រួល និងសុវត្ថិភាព ដោយសារកិច្ចសហ​ការថ្មីមួយរវាង ធនាគារ វីង និងក្រុមហ៊ុន Japan Remit Finance។ 

ពលរដ្ឋកម្ពុជាដែលរស់នៅ ក្នុងប្រទេសជប៉ុនឥឡូវនេះ មានមធ្យោបាយដែលអាចទុកចិត្តបាន ក្នុងការផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេ នៅស្រុកកំណើត ដោយសារភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយ រវាងធនាគារ វីង និង ក្រុមហ៊ុន Japan Remit Finance Co., Ltd (JRF)។ 

ធនាគារ វីង និងក្រុមហ៊ុន JRF ​បានរៀបចំពិធីចុះអនុស្សរណៈយោគយល់ (MoU) ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្រ្ដនេះឡើង ដើម្បីជាមធ្យោបាយជួយសម្រួលទៅដល់ប្រជាជនកម្ពុជា ដែលរស់នៅក្នុងប្រទេសជប៉ុន ក្នុងការផ្ទេរប្រាក់ទៅកាន់ក្រុមគ្រួសារនៅស្រុកកំណើត ​ប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងតម្លៃសេវាសមរម្យ។ 

ពិធីចុះ​ MoU នេះ ត្រូវបានរៀបចំធ្វើឡើងនៅឯការិយាល័យ JRF នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមចុះហត្ថលេខារវាងលោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករងធនាគារ វីង និងលោក Hossain MD Sarwar ប្រធានក្រុមហ៊ុន JRF។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពលោក ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន។  

លោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករង​ធនាគារ វីង បានថ្លែងថា «យើងពិតជាមានសេចក្តីរីករាយ​ចំពោះភាពជាដៃគូសហការថ្មីនេះ ដែលជាការបើកលទ្ធភាពផ្តល់ជូនសេវាផ្ទេរប្រាក់ដែលអាចទុកចិត្តបាន ទៅដល់សហគមន៍កម្ពុជានៅក្នុងប្រទេសជប៉ុន ដើម្បីជួយសម្រួលក្នុងការផ្ញើប្រាក់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេនៅស្រុកកំណើត។​ កិច្ចសហការនេះ ក៏ជាការពង្រីកវត្តមានរបស់យើង​នៅក្នុងទីផ្សារផ្ទេរប្រាក់អន្តរជាតិ​ ដែលជាយុទ្ធសាស្រ្តអាទិភាពមួយរបស់ធនាគារ វីង»

ពលរដ្ឋកម្ពុជានៅប្រទេសជប៉ុនដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយផ្គត់ផ្គង់គ្រួសាររបស់ពួកគេ តាមរយៈការផ្ញើប្រាក់ត្រទៅស្រុកកំណើត។ យោងតាមតួលេខផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញថាប្រជាជនកម្ពុជាប្រមាណ ១៧ ០០០នាក់ កំពុងធ្វើការនៅប្រទេសជប៉ុនគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣។ ចំនួននេះ រំពឹងថានឹងមានការកើនឡើងបន្ថែមទៀតនាពេលខាងមុខ។

លោក ឈុន វឌ្ឍនៈភក្តី បានបន្ថែមថា «យើងមានទំនុកចិត្តថាកិច្ចសហការនេះ​នឹងនាំមកនូវផលវិជ្ជមានចំពោះពលរដ្ឋខ្មែរនៅកូរ៉េ​ខាងត្បូង និងជីវភាពរស់នៅក្រុមគ្រួសាររបស់ពួកគេ ដោយប្រាកដថាការផ្ញើប្រាក់ដែលរកបានដោយលំបាករបស់ពួកគេ ទៅកាន់ក្រុមគ្រួសារនៅស្រុកកំណើត មានភាពងាយស្រួល និងតម្លៃសមរម្យ»

ចាប់ពីពេលនេះ ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុនអាចធ្វើការផ្ទេរប្រាក់បានយ៉ាងងាយស្រួលដោយគ្រាន់តែទៅកាន់សាខា ឬបញ្ជរណាមួយរបស់ក្រុមហ៊ុន JRF ហើយបន្ទាប់មកជ្រើសរើសជម្រើសនៃការផ្ទេរប្រាក់។ អតិថិជន អាចធ្វើការផ្ទេរប្រាក់ ដោយផ្ញើចូលក្នុងគណនីធនាគារ វីង របស់សមាជិកគ្រួសាររបស់ពួកគេនៅស្រុកកំណើត ដោយផ្ទាល់ ហើយអាចពិនិត្យទឹកប្រាក់នោះបានភ្លាមៗតាមកម្មវិធី Wing Bank App នៅលើស្មាតហ្វូន។ 

ម្យ៉ាងវិញទៀត អតិថិជនអាចផ្ញើប្រាក់មកសមាជិកគ្រួសារតាមរយៈការដកសាច់ប្រាក់ ដែលមធ្យោបាយនេះ សមាជិកគ្រួសារ នៅស្រុកកំណើតនឹងទទួលបានលេខកូដសម្ងាត់ ៨ខ្ទង់ ហើយអាចប្រើប្រាស់លេខកូដនោះ ដើម្បីដកសាច់ប្រាក់ជារៀល ឬដុល្លារ ជាមួយនឹងបណ្តាញវីងនៅទូទាំងប្រទេសកម្ពុជា។ ​ការផ្ទេរប្រាក់ពីប្រទេសជប៉ុនមកកម្ពុជាអាចធ្វើឡើងភ្លាមៗទៅកាន់គណនីធនាគារ វីង ជាមួយនឹងតម្លៃផ្ទេរប្រាក់ចាប់ពី ១,០០០ យ៉េន សម្រាប់ការផ្ទេរប្រាក់ក្នុងមួយដង។

លោក Hossain MD Sarwar ប្រធានក្រុមហ៊ុន JRF បានថ្លែងថា តាមរយៈកិច្ចសហការជាមួយធនាគារ វីង យើងមានទំនុកចិត្តថា នឹងជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានទៅដល់ពលរដ្ឋកម្ពុជារស់នៅក្នុងប្រទេសជប៉ុន នោះគឺតាមរយៈការផ្តល់សេវាផ្ទេរប្រាក់ដែលមានទំនុកចិត្ត និងតម្លៃសេវាសមរម្យ។

ធនាគារ វីង ជាធនាគារពាណិជ្ជមួយកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងសាខាធនាគារបើកដំណើរការនៅតាមទីតាំងយុទ្ធសាស្ត្រដែលបំពាក់ដោយម៉ាស៊ីន ATM សម្រាប់ដំណើការដកប្រាក់ដោយឥតគិតថ្លៃ។ ការិយាល័យសាខាបន្ថែមទៀតនឹងបើកដំណើការក្នុងឆ្នាំ ២០២៣នេះ។​

ចំណែកឯ JRF គឺជាក្រុមហ៊ុនផ្ទេរប្រាក់អន្តរជាតិ ដែលមានបំណ​ងក្លាយជាក្រុមហ៊ុនប្រតិបត្តិការអាជីវកម្មប្រកបដោយនិរន្តរភាព និងផ្តល់សេវាកម្មឲ្យបានទូលំទូលាយនៅក្នុងវិស័យបចេ្ចកវិទ្យា​ហិរញ្ញវត្ថុ។ ជាមួយនឹងបទពិសោធន៍ជាង ១០ ឆ្នាំ ដែលបានបម្រើសេវាអិតិថិជន ក្រុមហ៊ុន JRF បានបម្រើអតិថិជនជាង ១០០,០០០ នៅក្នុងប្រទេសជប៉ុនដែលមានតម្រូវការផ្ញើប្រាក់ត្រឡប់ទៅស្រុកកំណើត។ ក្រុមហ៊ុន JRF មានការិយាល័យប្រតិបត្តិការចំនួន១២ ទីតាំងនៅទូទាំងប្រទេសជប៉ុន ខណៈដែលសាខានៅក្រៅប្រទេសកំពុងដំណើរការនៅក្នុងប្រទេសចំនួនប្រាំមួយរួមមាន៖ វៀតណាម ហ្វីលីពីន សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី កាណាដា និងប្រទេសអ៊ីតាលី។

ធនាគារ វីង និងក្រុមហ៊ុន JRF នឹងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាបាននូវប្រតិបត្តិការផ្ទេរប្រាក់ដោយស្របច្បាប់ ដោយប្រកាន់ភ្ជាប់ការអនុវត្តតាមបទប្បញ្ញត្តិអន្តរជាតិ និងក្នុងស្រុក ហើយភាពជាដៃគូថ្មីរវាងស្ថាប័នទាំងពីរនេះ រំពឹងថានឹងមានឥទ្ធិពលជាវិជ្ជមានទៅដល់សហគមន៍កម្ពុជានៅក្នុងប្រទេសជប៉ុន៕