(ភ្នំពេញ)៖ បច្ចុប្បន្ននេះបច្ចេកវិទ្យានៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង និងបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជាពិសេសនៅក្រោយស្ថានភាពជំងឺកូវីដ-១៩ ដែលធ្វើឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ធ្វើទំនើបកម្មនូវសេវារបស់ខ្លួន ជាបន្តបន្ទាប់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន និងបានរុញច្រានកំណើននៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែច្រើនឡើង។

ទន្ទឹមនឹងការវិវឌ្ឍឥតឈប់ឈរនៃបច្ចេកវិទ្យានេះ និងស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ធនាគារ វីង ដែលជាធនាគារឈានមុខមួយ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ បានធ្វើទំនើបកម្មនូវសេវាផ្តល់កម្ចីរបស់ខ្លួនបន្ថែមទៀត នោះគឺការផ្តល់កម្ចីតាមប្រព័ន្ធឌីជីថល ឬហៅថា វីងឌីជីថលឡូន។

វីងឌីជីថលឡូន ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួល និងផ្តល់លទ្ធភាពដល់ពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ឱ្យទទួលបានកម្ចីកាន់តែលឿន និងងាយស្រួល ក្នុងការយកទៅចាប់ផ្តើមអាជីវកម្ម ឬពង្រីកអាជីវកម្ម ក្នុងអត្រាការប្រាក់សមរម្យ មិនតម្រូវឱ្យមានទ្រព្យបញ្ចាំ ឬអ្នកធានា និងមិនទាមទារឯកសារស្មុគស្មាញឡើយ។

ក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News លោក ឌឿក តារាវុធ នាយកគ្រប់គ្រងឥណទាន របស់ធនាគារ វីង បានឱ្យដឹងថា អតិថិជន ធនាគារ វីង ដែលមានតម្រូវការកម្ចី ជាពិសេសម្ចាស់សហគ្រាសធុនតូច និងមធ្យម អាចដាក់សំណើរខ្ចីប្រាក់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ចាប់ពី២០ដុល្លារ រហូត៥ម៉ឺនដុល្លារអាមេរិក តាមរយៈអេប ធនាគារ វីង ដោយមិនចាំបាច់មកទីតាំងរបស់ធនាគារ វីង ណាមួយឡើយ ហើយពួកគាត់នឹងទទួលបានចម្លើយនៃការអនុម័តលឿនរហ័ស ក្នុងរយៈពេលតែ៥នាទីប៉ុណ្ណោះ។

លោក ឌឿក តារាវុធ បានឱ្យដឹងបន្តថា ធនាគារ វីង បានសម្រេចចិត្តបង្កើត វីងឌីជីថលឡូននេះ ក្នុងគោលបំណងជួយអតិថិជនជាលក្ខណៈបុគ្គល ក៏ដូចជាអតិថិជនជាសហគ្រាសធុនតូច និងមធ្យម ដែលត្រូវការហិរញ្ញវត្ថុបន្ទាន់  ក្នុងន័យបំពេញតម្រូវការចាំបាច់  រៀងៗខ្លួន និងផ្តល់ទុនសម្រាប់ប្រតិបត្តិការអាជីវកម្ម ខណៈពួកគាត់មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីស្នើសុំកម្ចីទៅធនាគារដោយផ្ទាល់។

​ស្របពេលដែលកម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ និងបង្កហានិភ័យដល់ពលរដ្ឋ នាយកគ្រប់គ្រងឥណទាន របស់ធនាគារ វីង រូបនេះ ជឿជាក់ថា សេវាកម្មកម្ចីតាមឌីជីថលរបស់ធនាគារ វីង នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយកម្ចីក្រៅផ្លូវការទាំងនោះ និងជួយលើកកម្ពស់កម្រិតបរិយាហិរញ្ញវត្ថុនៅកម្ពុជាឲ្យកាន់តែប្រសើរ។

លោកឌឿក តារាវុធ បានលើកឡើងថា ធនាគារ វីង តែងតែប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌច្បាប់របស់ធនាគារជាតិនៃកម្ពុជា ដោយសិក្សាយ៉ាងច្បាស់លាស់នូវលទ្ធភាពសងត្រលប់មកវិញរបស់អតិថិជន ដើម្បីឲ្យអតិថិជនអាចទទួលបានឥណទានកម្រិតអតិបរិមាសមស្របទៅតាមកម្រិតចំណូលរបស់គាត់។ ជាមួយគ្នានេះ ធនាគារ វីង តែងតែផ្តល់នូវអត្រាការប្រាក់ស្តង់ដារមួយច្បាស់លាស់ សមស្របទៅតាមទំហំឥណទាន និងកម្រិតជីវភាពរបស់អតិថិជន ដោយមិនមានការផ្លាស់ប្តូរដោយគ្មានមូលហេតុនោះឡើយ ដែលនេះធានាបាននូវការរីកចម្រើនរបស់អតិថិជនផងដែរ។

ដើម្បីស្នើកម្ចីឌីជីថល របស់ធនាគារវីង គឺគ្រាន់តែលោកអ្នកមានទូរស័ព្ទដៃស្មាតហ្វូន ហើយដោនឡូត អេបធនាគារវីង រួចបង្កើគណនីសន្សំ និងបំពេញនូវពត៌មានបន្តិចបន្តួច នោះលោកអ្នកអាចធ្វើការស្នើកម្ចីវីងឌីជីថលឡូន និងទទួលបាននូវការអនុម័តភ្លាមៗ។

អតិថិជនដែលទទួលបានអាទិភាពពិសេសបែបនេះ គឺពួកគាត់អាចជាអ្នកប្រើប្រាស់សេវាបើកប្រាក់បៀវត្សតាមរយៈធនាគារវីង ឬមួយគាត់ជាអតិថិជនដែលប្រើប្រាស់សេវាកម្មវីងជាញឹកញាប់ ដូចជាការបង់ទឹកភ្លើង ទិញកាតទូរស័ព្ទតាមរយៈអេបធនាគាវីង និងការវេប្រាក់ចេញចូល នោះវីងនឹងធ្វើការជ្រើសរើសជាពិសេស សម្រាប់ធ្វើការផ្ដល់កម្ចី ដែលគាត់អាចខ្ចីភ្លាមបានភ្លាមតែម្តង។

មួយវិញទៀត អតិថិជនដែលមានប្រវត្តិឥណទានល្អ សុទ្ធតែអាចស្នើសុំឥណទានហើយទទួលបានការអនុម័តភ្លាមៗ។ ប្រវត្តិឥណទានល្អ គឺសំដៅដល់អតិថិជនដែលមិនធ្លាប់ស្នើសុំកម្ចីពីធនាគារណាមួយ ឬក៏អតិថិជនដែលធ្លាប់ទទួលបានកម្ចីពីធនាគារប៉ុន្តែមិនធ្លាប់មានភាពយឺតយ៉ាវក្នុងការសងត្រលប់មកវិញនោះឡើយ៕