(ឡុងដ៍)៖ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Ivan Toney របស់ក្លិប Brentford បានរងការព្យួរពីប្រកួតរយៈពេល ៨ខែ និងពិន័យជាប្រាក់ ៥០,០០០ផោន (៦២,៥០០ដុល្លារអាមេរិក) ពីបទបំពានច្បាប់ភ្នាល់ របស់សមាគមបាល់ទាត់ (FA)។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

កីឡាករវ័យ ២៧ឆ្នាំ ដែលបានបង្ហាញខ្លួន ក្នុងក្រុមជម្រើសជាតិជាលើកដំបូង កាលពីដើមឆ្នាំនេះនោះ ត្រូវបានគេរកឃើញថា បានបំពានច្បាប់២៣២ ដែលហាមឃាត់កីឡាករ ឬគ្រូបង្វឹក ពីការភ្នាល់ លើលទ្ធផលប្រកួតទាំងអស់ នៅចម្លោះខែកុម្ភៈ ឆ្នាំ២០១៧ ដល់ខែមករា ឆ្នាំ២០២១។

ការហាមឃាត់នេះមានន័យថា លោកនឹងមិនអាចប្រកួតបានម្តងទៀត រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ហើយលោកមិនអាចហ្វឹកហាត់ជាមួយក្លិប Brentford រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំនេះ។

«ការដាក់ទណ្ឌកម្មរបស់លោក ត្រូវបានដាក់ជាបន្តបន្ទាប់ ដោយគណៈកម្មការនិយតកម្មឯករាជ្យ បន្ទាប់ពីមានសវនាការផ្ទាល់ខ្លួន។ គាត់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅហ្វឹកហាត់វិញ តែជាមួយក្លិបរបស់លោកប៉ុណ្ណោះ សម្រាប់រយៈពេល៤ខែចុងក្រោយ នៃការព្យួររបស់លោក ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣»។ នេះបើតាម FA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍។

ការសម្រេចនេះ បានវាយប្រហារយ៉ាងសំខាន់ សម្រាប់ក្លិបដែលមានមូលដ្ឋានទីក្រុងឡុងដ៍នេះ ខណៈកីឡាករ Toney បានរកគ្រាប់បាល់ ២០គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៣លើក ក្នុងលីគ Premier League នារដូវកាលនេះ និងរកបាន ១២គ្រាប់កាលពីរដូវកាលមុន៕