(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla កំពុងចាប់ផ្តើមកិច្ចចរចារទីផ្សារឥណ្ឌាឡើងវិញជាមួយនឹងសំណើរបង្កើតរោងចក្រក្នុងប្រទេសឥណ្ឌាដើម្បីផលិតរថយន្តអគ្គសនីសម្រាប់លក់ និងនាំចេញក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

សំណើរនេះបានកើតឡើងបន្ទាប់ពីប្រទេសឥណ្ឌាបានបដិសេធមិនយល់ព្រមតាមសំណើររបស់ក្រុមហ៊ុន Tesla កាលពីឆ្នាំមុន ដែលធ្លាប់បានស្នើម្តងរួចទៅហើយ ប៉ុន្តែ Tesla ទាមទារឱ្យបញ្ចុះថ្លៃទៅលើពន្ធនាំចូលលើរថយន្តក្នុងកម្រិតខ្ពស ដែលអាចឈានដល់ ១០០ភាគរយឯណោះ។ ពាក់ព័ន្ធនឹងករណីនេះប្រទេសឥណ្ឌាចង់ឱ្យ Tesla ទៅផលិតរថយន្តក្នុងស្រុក ប៉ុន្តែ Tesla ចង់សាកល្បងទីផ្សារជាមុនសិនជាមួយនឹងការនាំចូលរថយន្តយកទៅលក់មុនទើបបង្កើតជាក្រោយ ជាមួយនឹងសំណើនេះ ឥណ្ឌាសម្រេចមិនបន្តកិច្ចពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តបន្ត។

យោងតាមទីភ្នាក់ងារ Reuters ដដែលបានបន្ថែមទៀតថា កិច្ចចរចារលើកនេះគឺនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានទៅជួបពិភាក្សាជាមួយនឹងរដ្ឋាភិបាលឥណ្ឌាផ្ទាល់ ប៉ុន្តែលើកនេះមិនមានសំណើលើកលែងអំពីពន្ធទៀតនោះទេ ដោយ Elon Musk ចរចារសុំបង្កើតរោងចក្រតែម្តង។

គួរជម្រាបដែរថា ស្របតាមគោលការណ៍របស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ចង់ឱ្យក្រុមហ៊ុនផលិតរថយន្តទាំងអស់ដែលនាំចូលរថយន្តយកទៅលក់ក្នុងទីផ្សារឥណ្ឌា បង្កើតរោងចក្រដើម្បីផលិតនៅទីនោះ រួមជាមួយនឹងយុទ្ធនាការ «Make in India» ផងដែរ៕