(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានសម្តែងនូវសេចក្តីរំភើបរីករាយ និងអបអរសាទរយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស និងកីឡាករ កីឡាការិនីទាំងអស់នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលបានប្រារព្ធ ធ្វើឡើងចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ។

លោកបន្តថា​ ការចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ កីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយសរុបចំនួន ១៣២គ្រឿង រួមមាន៖ មេដាយមាស ៣៥គ្រឿង មេដាយប្រាក់ ៣៤គ្រឿង និងមេដាយសំរិទ្ធ ៦៣គ្រឿង ក្នុងចំណោមមេដាយសរុបចំនួន ២៨២គ្រឿង ដែលកម្ពុជាទទួលបាន។

សមិទ្ធផលទាំងនេះ គឺជាមោទកភាព យ៉ាងក្រៃលែងរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលកីឡាករកីឡាការិនីទាំងអស់ បានឆ្លៀតពេលពីការបំពេញភារកិច្ចស្នូល របស់អង្គភាពក្នុងការចូលរួមថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយបានខិតខំយកអស់កម្លាំងកាយចិត្ត និងការប្ដេជ្ញាខ្ពស់ប្រឹងប្រែងធ្វើការហ្វឹកហាត់ និងប្រកួតរហូតទទួលបានជោគជ័យគួរជាទីមោទនៈ ជូនក្រសួងមហាផ្ទៃ ។

ក្នុងឱកាសដ៏សែនរីករាយនេះ លោកសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំង អស់ក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការដល់ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស និងកីឡាករ កីឡាការិនីទាំងអស់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួង មហាផ្ទៃ សូមជួបប្រទះនូវពុទ្ឋពរ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕