(ភ្នំពេញ)៖ ណាហ្គាវើលដ៍បេះដូងសប្បុរស (NagaWorld Kind Hearts) ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តការប្តេជ្ញាចិត្តផ្សារភ្ជាប់ ជាមួយសហគមន៍ដោយនាំកុមារ មកពីអង្គការក្រៅរដ្ឋាភិបាលចំនួន៥ មកទស្សនកិច្ច និងសិក្សាស្វែងយល់អំពីការតុបតែងលម្អ បែបកីឡាអាស៊ីអាគ្នេយ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា កាលពីពេលថ្មីនេះ។

គំនិតផ្តួចផ្តើមនេះ មានគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយស្មារតី និងការយល់ដឹងបន្ថែម ដល់កុមារអំពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ដើម្បីចូលរួមអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ណាហ្គាវើលដ៍ បានធ្វើការតុបតែងលម្អសួនច្បារសម្តេចតេជោ ហ៊ុន សែន ជាមួយការលម្អបែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដ៏ស្រស់ស្អាត រួមទាំងផ្ទាំងសម្រាប់សាធារណជន អាចថតរូបដែលបង្កើតជាបរិយាកាសដ៏ទាក់ទាញ។ ការតុបតែងលម្អដ៏អស្ចារ្យនេះ នឹងដាក់តាំងបង្ហាញរហូតដល់ថ្ងៃទី១១ ខែមិថុនា។

ណាហ្គាវើលដ៍បេះដូងសប្បុរស បាននាំកុមារ ១៤៩ នាក់មកពីអង្គការគ្រួសារថ្មី អង្គការខូលត៍ មណ្ឌលកុមារទឹកដីសប្បាយ មណ្ឌលកុមារដើមឈើសប្បាយ និងវិទ្យាស្ថានអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈមកទស្សនាការតុបតែងលម្អបែបកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

បន្ទាប់ពីដើរទស្សនកិច្ចសួនច្បារដែលមានការតុបតែងលម្អបែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ពួកគេត្រូវបាននាំទៅកាន់បន្ទប់ប្រជុំនៅណាហ្គាវើលដ៍ទី១ដើម្បីស្តាប់បទបង្ហាញស្តីពីប្រវត្តិកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម និងឆ្លើយសំណួរដើម្បីឈ្នះរង្វាន់។ ពួកគេបានទទួលចំណេះដឹងបន្ថែមជាច្រើនពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡានេះ រីឯកម្មវិធីឆ្លើយសំណួរដើម្បីឈ្នះរង្វាន់ បានបន្តពោរពេញដោយភាពរីករាយ និងសិទ្ធស្នាល។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឲ្យដឹងថា «យើងរីករាយដែលបានផ្តល់បទពិសោធន៍ពិសេសដល់កុមារមកពីបណ្តាអង្គការ និងផ្តល់ឱកាសឲ្យពួកគេសិក្សាស្វែងយល់បន្ថែមអំពីស្មារតីនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ យើងមានគោលបំណងលើកទឹកចិត្ត ឲ្យពួកគេស្រឡាញ់កីឡា និងបំផុសមោទកភាពជាតិ»

អ្នកតំណាងមកពីបណ្តាអង្គការទាំងនោះ ក៏បានថ្លែងអំណរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរសដែលបានផ្តួចផ្តើម រៀបចំទស្សនកិច្ចដ៏មានសារសំខាន់នេះផងដែរ។

លោក សំ ពិសិដ្ឋ អ្នកគ្រប់គ្រងអង្គការខូលត៍ បានឲ្យដឹងថា «សកម្មភាពនេះ បានផ្តល់ចំណេះដឹង និងភាពរីករាយដល់កុមារខណៈពួកគេនឹងស្វែងយល់ និងចងចាំបានយូរអង្វែង។ យើងមានសោមនស្សរីករាយ ដែលបានសហការជាមួយណាហ្គាវើលដ៍បេះដូងសប្បុរស និងសង្ឃឹមថា នឹងមានសកម្មភាពបែបនេះជាច្រើនបន្តទៀតសម្រាប់កុមាររបស់យើង»

កុមារទាំងនោះ បានត្រឡប់ទៅអង្គការ និងមណ្ឌលរៀងៗខ្លួនដោយទទួលបានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ពីណាហ្គាវើលដ៍បេះដូងសប្បុរស និងបានថតរូបជុំគ្នានៅសួនច្បារទុកជាអនុស្សាវរីយ៍ផងដែរ។

ក្រៅពីគំនិតផ្តួចផ្តើមនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានសហការជាមួយ Beyond The Games ដែលទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទៅដល់សហគមន៍ក្នុងការរៀបចំទិវាគ្រួសារកាលពីថ្ងៃទី២៦ ខែមីនា នៅឯកីឡដ្ឋានបាល់ទាត់កំពង់ស្ពឺ ដែលទើបនឹងបើកសម្ពោធជាផ្លូវការ ក្នុងពេលថ្មីៗកន្លងទៅផងដែរ។

ទិវាគ្រួសារនោះ បានទាក់ទាញអ្នកចូលរួមប្រមាណជាង ១,៥០០ នាក់ រួមមាន សិស្សានុសិស្ស គ្រួសារ កុមារ និងអ្នកគាំទ្រក្លិបបាល់ទាត់ណាហ្គាវើលដ៍។ ទិវានោះ បានអនុញ្ញាតឲ្យសាធារណជន ចូលរួមលេងហ្គេមពាក់ព័ន្ធនឹងកីឡាបាល់ទាត់ និងស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។

គួរបញ្ជាក់ថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់សង្គមកម្ពុជាចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៤ ដោយផ្តោតទៅលើការស្ម័គ្រចិត្តរបស់បុគ្គលិក និងកម្មវិធីចុះទៅតាមសហគមន៍។

មកដល់បច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានជះឥទ្ធពលវិជ្ជមាន និងផ្តល់ប្រយោជន៍ដល់កុមារ និងប្រជាពលរដ្ឋនៅតាមសហគមន៍ជាង ៤៩៦,៥៤០នាក់ ខណៈការប្តេជ្ញារបស់ក្រុមហ៊ុន គឺបង្កើតឲ្យមានការផ្លាស់ប្តូរវិជ្ជមាននៅតាមសហគមន៍ ក្នុងប្រទេសកម្ពុជា៕