(ភ្នំពេញ)៖ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្តឆ្នាំ២០២៣នេះ ក្រុមអត្តពលិកនៃក្រសួងមហាផ្ទៃ បានរួមចំណែកប្រជែងបានមេដាយ សរុបចំនួន១៣២គ្រឿង គឺស្មើនឹងជាង៤៦ភាគរយ នៃមេដាយសរុប ដែលកម្ពុជាទទួលបានចំនួន២៨២គ្រឿង​ ក្នុងនោះមេដាយមាសអត្តពលិកនៃក្រសួងមហាផ្ទៃ ប្រជែងបានមានចំនួន៣៥គ្រឿង មេដាយប្រាក់ចំនួន៣៤ គ្រឿង និងមេដាយសំរឹទ្ធិចំនួន៦៣គ្រឿង។ នេះបើយោងតាម Facebook Page របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងថា ការចូលរួមចំណែកប្រជែង ទទួលបានមេដាយជូនជាតិនេះ គឺជាមោទកភាពយ៉ាងក្រៃលែង ហើយដែលកាន់តែអស្ចារ្យថែមទៀតនោះ គឺក្នុងចំណោមអត្តពលិកជាតិ ដែលចូលរួមប្រជែងបានមេដាយនោះ មានអត្តពលិកក្រសួងមហាផ្ទៃចំនួន៣រូប បានជាប់ជាអត្តពលិកឆ្នើម ដោយដណ្តើមបាន មេដាយច្រើនជាងគេ រួមមាន៖ កីឡាការិនី ប៉ាល់ ឆរស្ម៊ី មេដាយ ០៦ គ្រឿង មាស០៤ ប្រាក់០១ សំរឹទ្ធ០១គ្រឿង វិញ្ញាសាវ៉ូវីណាម, កីឡាករ គង់ម៉ូណា មិថុរ៉ា មេដាយ ០៣ គ្រឿង មាស២ សំរឹទ្ធ០១គ្រឿង វិញ្ញាសាជឺជីតស៊ូ និងកីឡាករ លី បូរ៉ាមី មេដាយមាស ០៣គ្រឿង វិញ្ញាសាវ៉ូវីណាម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ប្រកបដោយជោគជ័យ និងយ៉ាងមោទនភាពនាពេលនេះ គឺកម្ពុជាស្ថិតក្នុងលំដាប់ប្រទេសទី ៤ ដែលទទួលបានមេដាយច្រើនជាងគេ។ លទ្ធផលនេះ បើធៀបនឹងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២០ ឆ្នាំ១៩៩៩ កម្ពុជាស្ថិតនៅលំដាប់ថ្នាក់លេខ ១០ និងមិនទទួលបានមេដាយសម្បី១គ្រឿង។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាត់ទុកលទ្ធផលនេះថា ជាសមិទ្ធផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិ និយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក៕