(បរទេស)៖ ក្រុមហ៊ុនបង្កើតបញ្ញាសិប្បនិម្មិត (AI) OpenAI ប្រកាសថាខ្លួននឹងបញ្ចេញ App ChatGPT ដល់អ្នកប្រើប្រាស់ iOS និង Android នៅលើស្មាតហ្វូនឆាប់ៗខាងមុខនេះដែលមានឈ្មោះថា «OpenAI ChatGPT» ខណៈបច្ចុប្បន្ននេះមានតែនៅលើ Website សម្រាប់ Desktop ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

យោងតាមប្រធានផ្នែកបច្ចេកវិទ្យាក្រុមហ៊ុន OpenAI លោកស្រី Mira Murati បានបង្ហោះសារនៅលើ Twitter «កម្មវិធី ChatGPT ឬ ChatGPT App នេះត្រូវបានចាប់ផ្តើមដំណើរការនៅ iPhone នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ» ហើយក្រុមហ៊ុនគ្រោងនឹងបញ្ចេញដល់ស្មាតហ្វូន Android ទាំងអស់ក្នុងពេលឆាប់ៗខាងមុខនេះ។

OpenAI ChatGPT នេះគឺជាកម្មវិធីបញ្ញាសិប្បនិម្មិតដំបូងគេដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅលើ App ស្មាតហ្វូន និងមកទល់បច្ចុប្បន្ននេះមានអ្នកគាំទ្រជាង ១លាននាក់ចាប់តាំងពីដាក់ចេញកាលពីឆ្នាំមុន។ ChatGPT កំពុងក្លាយជាកម្មវិធីដែលមានប្រជាប្រិយភាពខ្លាំងជាមួយនឹងមុខងារសម្រួលដល់ការងារប្រចាំថ្ងៃជាច្រើនរួមមាន ការសរសេររបាយការណ៍ ឬអត្ថបទបានដូចទៅនឹងមនុស្សសរសេរ គូររូបភាព (Logo) វីដេអូ អាចឆ្លើយតបនឹងសំណួរ រួមទាំងជាកម្មវិធីដែលប្រើ«គំរូភាសាធំ» និងជាប្រភេទ Machine Learning។

គួរជម្រាបដែរថា កម្មវិធី ChatGPT នេះត្រូវបានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ និងមានសម្រាប់តែអ្នកប្រើប្រាស់អាមេរិក ចំពោះបណ្តាប្រទេសផ្សេងនៅមិនទាន់ដឹងថាពេលណាទៅដល់នោះទេ៕