(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង មជ្ឈមណ្ឌលអប់រំកូរ៉េនៃទីក្រុងហូជីមិញដែលជាស្ថាប័នក្រោមក្រសួងអប់រំនៃ សាធារណរដ្ឋកូរ៉េ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា~កូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីលោក ហ្គីល ហូជីន (Gil Hojin) នាយកមជ្ឈមណ្ឌលអប់រំកូរ៉េ នៃទីក្រុងហូជីមិញ និងលោកឃួន ថាវុធ នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង ដើម្បីលើកកម្ពស់ការអប់រំភាសា និងវប្បធម៌កូរ៉េ នៅក្នុង ប្រទេសកម្ពុជា ដោយផ្អែកលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ អប់រំភាសាកូរ៉េ ដែលបានចុះហត្ថលេខារវាងក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រ កម្ពុជា ជាមួយនឹងក្រសួងអប់រំ នៃសាធារណរដ្ឋកូរ៉េ កាលពីឆ្នាំ២០២០កន្លងទៅ។ ស្ថាប័នទាំងសងខាងនឹងធ្វើការសហការគ្នាក្នុងការបណ្តុះបណ្តាលគ្រូជនជាតិខ្មែរដែលបង្រៀនភាសាកូរ៉េ ការបង្កើតនិងអភិវឌ្ឍសម្ភារៈសិក្សា ព្រមទំាងរៀបចំកម្មវិធីនានា ដែលពាក់ ព័ន្ធនឹងការអប់រំភាសាកូរ៉េនៅថ្ងៃខាងមុខផងដែរ។

លោក ហ្គីល ហូជីន (Gil Hojin) នាយកមជ្ឈមណ្ឌលអប់រំកូរ៉េ បានមានប្រសាសន៍ថា «កិច្ចព្រមព្រៀងនេះប្រៀបដូចជាក្បាលស្ពានដែលត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ឧត្តមភាពនៃការអប់រំភាសាកូរ៉េ នៅក្នុងប្រទេសកម្ពុជា។ ហើយនាពេលអនាគត មិនត្រឹមតែមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា~កូរ៉េប៉ុណ្ណោះទេ យើង គ្រោងនឹងសហការជាមួយស្ថាប័នដែលពាក់ពន្ធ័ដទៃទៀត ក្នុងការបន្តរៀបចំមូលដ្ឋានគាំទ្រ សម្រាប់ការពង្រីកវិស័យអប់រំភាសាកូរ៉េផងដែរ»

លើសពីនេះ ស្ថាប័នទំាងពីកំពុងខិតខំប្រឹងប្រែងរក្សា នូវចំនួនសិស្សនិសិ្សតកម្ពុជា ដែលមានទេពកោសល្យឆ្នើម ដើម្បីអាចបន្តការសិក្សានៅឯប្រទេសកូរ៉េបាន។ សូមបញ្ជាក់ផងដែរថា ចំនួនសិស្សនិស្សិតកម្ពុជាដែលបានទៅបន្តការសិក្សានៅប្រទេសកូរ៉េមាន ចំនួន៣៨០នាក់ ក្នុងឆ្នាំ២០២១ ដែលចំនួននេះបានជាប់លេខរៀងទី១៨ ក្នុងចំណោមប្រទេស ទំាង៥០នៅអាស៊ី។

លោក ឃួន ថាវុធ នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា~កូរ៉េ បានមានប្រសាសន៍ថា «ទៅថ្ងៃខាងមុខ តាមរយៈកិច្ចសហប្រតិបត្តិការគ្នាជាបន្តបន្ទាប់ជាមួយនឹងមជ្ឈមណ្ឌលអប់រំ កូរ៉េនៃទីក្រុងហូជីមិញ យើងនឹងអាចបំពេញបន្ថែមចំពោះធនធានគ្រូបង្រៀន ក៏ដូចជាសម្ភារៈ សិក្សាភាសាកូរ៉េ ដែលធ្លាប់តែខ្វះខាតកន្លងមក។ ហើយយើងនឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់ជូន និងពង្រីកវគ្គសិក្សាភាសា និងវប្បធម៌កូរ៉េ ឲ្យកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ»