(រ៉ូម)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្តលំដាប់ពិភពលោក Formula 1 បានលើកឡើងថា ខ្លួននឹងបរិច្ចាគប្រាក់ចំនួន ១លានអឺរ៉ូ (៨៦៧,០០០ដុល្លារអាមេរិក) ទៅកាន់មូលនិធិជួយសង្គ្រោះ សម្រាប់គ្រោះមហន្តរាយទឹកជំនន់ វាយប្រហារលើតំបន់ Emilia-Romagna របស់ប្រទេសអ៉ីតាលី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍ប្រណាំងរថយន្តកម្រិត Grand Prix ដែលគ្រោងនឹងរៀបចំឡើង នៅទីក្រុង Imola ភាគខាងជើងឆៀងខាងកើតប្រទេសអ៉ីតាលី ត្រូវបានលុបចោលវិញ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមនុស្សស្លាប់ និងមនុស្សរាប់ពាន់នាក់ទៀត ត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។

ការសម្រេចបរិច្ចាគរបស់​ F1 បានធ្វើឡើង ១ថ្ងៃ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ត Ferrari ដែលមានរោងចក្រ នៅតំបន់ Emilia-Romagna នោះ បានបរិច្ចាគប្រាក់ចំនួន ១លានអឺរ៉ូដូចគ្នាទៅកាន់មូលនិធិជួយសង្គ្រោះ។

​សូមជម្រាបថា បន្ទាប់ពីមានភ្លៀងធ្លាក់រយៈពេល ១ថ្ងៃកន្លះ, យ៉ាងហោចណាស់មនុស្សចំនួន១៣នាក់បានស្លាប់ បន្ទាប់ពីទន្លេស្ទើរតែទាំងអស់ ពោរពេញដោយទឹកទំនន់ នៅចម្លោះទីក្រុង Bologna និងឆ្នេរសមុទ្រតំបន់ភាគខាងជើងឆៀងខាងកើត ដែលមានចម្ងាយ ១១៥គីឡូម៉ែត្រពីទីនោះ៕