(ភ្នំពេញ)៖ ធនាគារ វីង បានចូលរួមក្នុងព្រឹត្តិការណ៍នៃការរៀបចំពិព័រណ៍ដ៏ធំមួយសម្រាប់សហគមន៍កម្ពុជានៅក្នុងប្រទេសជប៉ុនដែលជាមិត្តជិតស្និទ្ធ ជាដៃគូពាណិជ្ជកម្ម និងវិនិយោគសម្រាប់កម្ពុជា។ ពិព័រណ៍នេះមានគោលបំណងពង្រឹងចំណងទំនាក់ទំនងសហគមន៍ខ្មែរ ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុន «ទឹកដីនៃព្រះអាទិត្យរះ (The Land of the Rising Sun)»។

ស្របពេលដែលទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរមានការរីកចម្រើន ព្រឹត្តិការណ៍នេះគឺជាការអបអរសាទរនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរផងដែរ។ ពិព័រណ៍នេះត្រូវបានសហការរៀបចំឡើងរវាងស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍។

ពិព័រណ៍កម្ពុជាឆ្នាំ ២០២៣ មានរយៈពេលពីរថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី ៣-៤ ខែ ឧសភា នៅឧទ្យាន Yoyogi ដែលជាឧទ្យានដ៏ធំបំផុតនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះ​ មានការតាំងបង្ហាញផលិតផល ម្ហូបអាហារ និងការបង្ហាញផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ប្រពៃណី តាមរយៈការសម្តែងសិល្បៈជូនភ្ញៀវទស្សនាកម្សាន្ត ដោយទទួលបានអ្នកចូលរួមទស្សនាប្រមាណ ៥០,០០០ នាក់ ដែលរាប់បញ្ចូលទាំងភ្ញៀវបរទេស​​ និជនជាតិខ្មែរ។​​ 

លោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករង​ធនាគារ វីង បានថ្លែងថា៖ «ធនាគារ វីង​ មានកិត្តិយសដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា​នៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៣នេះ​។​ គោលដៅនៃការចូលរួមរបស់យើងគឺដើម្បីរួមចំណែកពង្រឹងចំណងមិត្តភាពឲ្យកាន់តែរឹងមាំ និងល្អប្រសើរបន្ថែមទៀតរវាងប្រជាជាតិយើងទាំងពីរ ក៏ដូចជាការលើកកម្ពស់ ថែរក្សា និងផ្សព្វផ្សាយវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជានៅក្រៅប្រទេស »

លោក ឈុន វឌ្ឍនៈភក្តី បានបន្តថា «ធនាគារ វីង មានការប្តេជ្ញា​ចិត្តប្រកបដោយការទទួលខុសត្រូវក្នុងការផ្តល់សេវាកម្មទៅដល់អតិថិជនរបស់ខ្លួនទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។ ប្រជាជនកម្ពុជាកាន់តែច្រើនកំពុងស្វែងរកឱកាសការងារនៅប្រទេសជប៉ុនក្នុងមួយឆ្នាំៗ ហើយធនាគារ វីង មានមោទកភាពក្នុងការផ្តល់ជូននូវសេវាផ្ទេរប្រាក់ប្រកបដោយភាពងាយ​ស្រួល និងសុវត្ថិភាព ទៅដល់សហគមន៍កម្ពុជានៅក្នុងប្រទេសជប៉ុន»

ក្នុងឱកាសព្រឹត្តិការណ៍នៃការរៀបចំពិព័រណ៍កម្ពុជា ២០២៣ ធនាគារ វីង ក៏បានផ្តល់ប្រូម៉ូសិនពិសេសសម្រាប់អ្នកដែលបានចុះឈ្មោះបើកកាតផ្ញើប្រាក់ជាមួយក្រុមហ៊ុន City Express ដែលជាដៃគូសហការបស់ធនាគារ​ វីង នៅក្នុងប្រទេសជប៉ុនផងដែរ។ បន្ថែមពីនេះ​អ្នកចូលរួមក៏មានឱកាសឈ្នះរង្វាន់ទូរស័ព្ទ iPhone 14 មួយគ្រឿង ដែលអ្នកឈ្នះរង្វាន់​ត្រូវបានប្រកាសនៅចុងថ្ងៃនៃកម្មវិធីពិព័រណ៍នេះ។ ​​

ពលរដ្ឋកម្ពុជានៅប្រទេសជប៉ុនដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងគ្រួសាររបស់ពួកគេតាមរយៈការផ្ញើប្រាក់ត្រលប់ទៅស្រុកកំណើត។ យោងតាមតួលេខផ្លូវការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញថាប្រជាជនកម្ពុជាប្រហែល ២០,០០០នាក់ កំពុងធ្វើការនៅប្រទេសជប៉ុនគិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៣។ ចំនួននេះ រំពឹងថានឹងមានការកើនឡើងបន្ថែមទៀតនាពេលខាងមុខ។

ដើម្បីជួយសម្រួលដល់សហគមន៍កម្ពុជានៅប្រទេសជប៉ុន ធនាគារ វីង បានសហការជាមួយក្រុមហ៊ុនផ្ទេរប្រាក់អន្តរជាតិល្បីឈ្មោះនៅក្នុងប្រទេសជប៉ុន មានដូចជា៖ ក្រុមហ៊ុន Japan Remit Finance (JRF) Co., Ltd និងក្រុមហ៊ុន City Express។ ​កិច្ចសហការទាំងនេះ នឹងផ្តល់នូវជម្រើសផ្ទេរប្រាក់កាន់តែច្រើនពីប្រទេសជប៉ុនមកកម្ពុជា ដែលជួយសម្រួលដល់ប្រជាជនកម្ពុជានៅក្រៅប្រទេសអាចផ្ញើប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេនៅឯស្រុកកំណើតប្រកបដោយងាយស្រួល សុវត្ថិភាព និងមានតម្លៃសេវាសមរម្យ។

ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុនអាចធ្វើការផ្ទេរប្រាក់បានយ៉ាងងាយស្រួលដោយគ្រាន់តែទៅកាន់សាខា ឬបញ្ជរណាមួយដែលជាដៃគូររបស់ធនាគារ វីង ហើយបន្ទាប់មកជ្រើសរើសជម្រើសនៃការផ្ទេរប្រាក់។ អតិថិជន អាចធ្វើការផ្ទេរប្រាក់ ដោយផ្ញើចូលក្នុងគណនីធនាគារ វីង របស់សមាជិកគ្រួសាររបស់ពួកគេនៅស្រុកកំណើត ដោយផ្ទាល់ ហើយអាចពិនិត្យទឹកប្រាក់នោះបានភ្លាមៗតាមកម្មវិធី Wing Bank App នៅលើស្មាតហ្វូន។

ម្យ៉ាងវិញទៀត អតិថិជនអាចផ្ញើប្រាក់មកសមាជិកគ្រួសារតាមរយៈការដកសាច់ប្រាក់ ដែលមធ្យោបាយនេះ សមាជិកគ្រួសារ នៅស្រុកកំណើតនឹងទទួលបានលេខកូដសម្ងាត់ ៨ខ្ទង់ ហើយអាចប្រើប្រាស់លេខកូដនោះ ដើម្បីដកសាច់ប្រាក់ជារៀល ឬដុល្លារ ជាមួយបណ្តាញវីងនៅទូទាំងប្រទេសកម្ពុជា។​

ក្រុមហ៊ុន City Express ផ្តល់នូវមធ្យោបាយងាយស្រួលផ្ញើប្រាក់តាមម៉ាស៊ីន ATM របស់ធនាគារប្រៃសណីយ៍ជប៉ុនជាង ៣០,០០០ កន្លែង និងបញ្ជរចំនួន ២៥ កន្លែងនៅទូទាំងប្រទេសជប៉ុន។ លើសពីនេះ អតិថិជនអាចប្រើប្រាស់ City Express ដើម្បីផ្ញើប្រាក់រហូតដល់ទៅ ២៥០,០០០ យ៉េន ទៅកាន់គណនីធនាគារ វីង ឬបណ្តាញវីង នៅទូទាំងប្រទេសកម្ពុជា៕