(សៀមរាប)៖ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងសម្អាត និងជួសជុលវត្ថុសិល្បៈចំនួន១០៥៥ បន្ទាប់ពីបានរកឃើញនៅក្នុងការធ្វើកំណាយបុរាណវិទ្យានៅទំនប់ខាងត្បូងឈៀងខាងលិចនៃស្រះស្រង់។

បច្ចុប្បន្ន សកម្មភាពសម្អាតទាំងនេះកំពុងប្រព្រឹត្តទៅនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនឹងកំពុងធ្វើការបង្ហាញជាសាធារណៈ ក្នុងកំឡុងពេលមានការរៀបចំតាំងពិព័រណ៌មិនអចិន្ត្រៃយ៍នៃវត្ថុសិល្បៈទាំងនោះចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១៨  រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។

លោកស្រី បេ ស៊ីនួន មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា វត្ថុសិល្បៈចំនួន១០៥៥សមុច្ច័យ ភាគច្រើនជារូបចម្លាក់ព្រះពុទ្ធ ស្ថិតក្នុងសតវត្សទី១២ និងទី១៣នៃគ្រឹស្តរាជ និងសម័យក្រោយអង្គរ។ បច្ចុប្បន្នក្រុមការងារកំពុងធ្វើការសម្អាតកម្រិតមធ្យម ដោយវត្ថុធ្វើពីលោហៈ មានការខូចខាតជាច្រើនដូចជា៖ រុំព័ទ្ធទៅដោយកំណកដីក្តាំង ស្នឹមពណ៌បៃតង ពុកផុយ សឹក ច្រេះ ស្នាមប្រេះ និងបាក់ជាបំណែក។

ដើម្បីស្វែងយល់កាន់តែច្បាស់អំពីវិធីសាស្ត្រ នៃការសម្អាតវត្ថុសិល្បៈទាំងនេះ បានអនុញ្ញាតសាធារណជន ចូលទៅទស្សនាដោយផ្ទាល់ ការតាំងពិព័រណ៌មិនអចិន្ត្រៃយ៍ នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដែលមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥។ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានតាំងបង្ហាញវត្ថុសិល្បៈបុរាណជាច្រើនរាប់រយប្រភេទផ្សេងៗគ្នា ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណជនជាដើម៕