(បាសេឡូណា)៖ ក្រុមបាល់ទាត់ FC Barcelona បានប្រារព្ធពិធីលើកពានលីគ La Liga រដូវកាលនេះរបស់ពួកគេរួចរាល់ហើយនាយប់មិញនេះ បន្ទាប់ពីបញ្ចប់ប្រកួតចាញ់ក្រុមភ្ញៀវ Real Sociedad ២ទល់នឹង១ នៅកីឡដ្ឋាន Camp Nou។

ក្រុមអ្នកមានបុណ្យ Barcelona បានគ្រងតំណែងជើងឯកពានលីគអេស្ប៉ាញ La Liga ជាលើកដំបូង គិតចាប់តាំងពីរដូវកាលឆ្នាំ២០១៨-២០១៩ មក ដ្បិតនៅសល់ ៤ប្រកួតបញ្ចប់រដូវកាលនេះដ៏ពេញលេញ ក្រោយជ័យជម្នះទៅលើក្រុមភ្ញៀវ Espanyol កាលពីសប្តាហ៍មុនមកម្ល៉េះ។

យ៉ាងណាក៏ដោយ តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Sociedad លេងមិនទាន់ចាញ់ឡើយសម្រាប់ ៦ប្រកួតចុងក្រោយក្នុងលីគ នៅពេលកីឡាករ Alexander Sorloth និង Mikel Merino បានរួមគ្នារកបានម្នាក់ ១គ្រាប់ គ្រាដែលខ្សែប្រយុទ្ធ Robert Lewandowski ជាអ្នករកបានតែ ១គ្រាប់ឲ្យម្ចាស់ផ្ទះ Barcelona នៃប្រកួតសប្តាហ៍ទី៣៥ ជើងទី២ របស់ពួកគេ។

៣ពិន្ទុក្រៅដីដ៏សំខាន់នេះដែរ បានធ្វើឲ្យ Sociedad រកបាន ៦៥ពិន្ទុ ឈរនៅលេខរៀងទី៤ ក្នុងតំបន់កៅអីលេងពានអឺរ៉ុប UEFA Champions League រដូវកាលក្រោយ នាំមុខក្រុមលេខ៥ Villarreal ចំនួន ៥ពិន្ទុ ដ្បិតនៅសល់ ៣ប្រកួតក្នុងដៃទៀត មុនបិទរដូវកាលនេះ៕