(ម៉ាឌ្រីដ)៖ លោក Carlo Ancelotti បាននិយាយថា រូបលោកនឹងនៅតែបន្តដឹកនាំក្លិប Real Madrid ដដែល ពោលគឺរហូតដល់កិច្ចសន្យារបស់លោកផុតកំណត់នៅបំណាច់រដូវកាលឆ្នាំ២០២៤ ខាងមុខតែម្តង។

បុរសសញ្ជាតិអ៉ីតាលីខាងលើនេះ បានចូលដឹកនាំក្លិបអេស្ប៉ាញ អធិរាជស Real Madrid ជាលើកទី២ នេះពុំបានឈ្នះពានធំណាមួយឡើយក្នុងរដូវកាលឆ្នាំ២០២២-២០២៣ ក្រោយចាញ់ការប្រកួតទល់នឹង Manchester City នៃវគ្គ ៤ក្រុមចុងក្រោយ UEFA Champions League និងដាច់ ១៤ពិន្ទុពីក្រុមជើងឯក La Liga គឺ FC Barcelona នៅមុនពេលសល់ ៤ប្រកួតបិទរដូវកាល។

លោកបានថ្លែងបែបនេះក្នុងសន្និសីទ មុនប៉ះគូប្រជែង Valencia រាត្រីនេះនៅ La Liga ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «គ្រប់គ្នាបានដឹងហើយអំពីស្ថានភាពរបស់ខ្ញុំនាពេលនេះ។ កិច្ចសន្យាចាស់របស់ខ្ញុំមានសុពលភាពដល់ឆ្នាំ២០២៤ ដែលពេលនេះ ខ្ញុំចង់និយាយថា នៅបន្តដឹកនាំ Real ដដែល។ ខ្ញុំអាចនិយាយបានថា ពួកយើងធ្វើបានល្អច្រើនហើយក្នុងរដូវកាលនេះ ដ្បិតពួកយើងក៏សោកស្តាយផងដែរចំពោះពាន La Liga និងប្តេជ្ញាប្រយុទ្ធរហូតដល់ដំណក់ឈាមចុងក្រោយ សម្រាប់ប្រកួតផ្សេងទៀតដែលនៅសល់»

នៅចាំបានថា លោក Carlo Ancelotti បានចូលមកដឹកនាំក្រុមស្ថិតនៅរដ្ឋធានី Madrid ដំបូងក្នុងឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ និងបានលាឈប់ទៅវិញ ក្រោយពេលជួយក្រុមឈ្នះជើងឯក Champions League មុនពេលវិលមកដឹកនាំជាលើកទី២ វិញក្នុងឆ្នាំ២០២១ នាខែមិថុនា ក្រោយពេលលាឈប់ដឹកនាំក្លិបនៅ Premier League គឺស្ករគ្រាប់ Everton។

លោក Ancelotti បានដឹកនាំ Real ឈ្នះស្ទើរតែគ្រប់ពានរួមមាន UEFA Super Cup, La Liga, UEFA Champions League, FIFA Club World Cup និងពាន Copa del Rey ផងដែរ៕